អ្នកគ្រប់គ្រងទូទៅគម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រកាសអញ្ជើញអ្នកម៉ៅការ ឲ្យចូលខ្លួនដោះស្រាយបន្ទាន់ រឿងមិនបើកលុយឲ្យកម្មករ

Posted By: RoogRog Robot | 13-Jun-2021 21:12:41

2021-06-13 08:09pm

(ប៉ោយប៉ែត)៖ បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យក្រុមហ៊ុន ក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាថា មិនបានបើកលុយឲ្យកម្មករជាច្រើន ថ្ងៃភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើល, លោក ប៉ែន វុទ្ធី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស អញ្ជើញអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។

លោក ប៉ែន វុទ្ធី បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា <<ខ្ញុំបាទជា អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមគោរពអញ្ជើញលោក ពៅ សុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អាគារពាណិជ្ជកម្មគ្រោង ចំនួន៣០អាគារ នៅគម្រោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួន ជាង ២០០នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុន នឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់>>។

លោកបន្តថា <<ខ្ញុំបានព្យាយាម ទាក់ទងជាច្រើនលើកច្រើនសារតែលោក មិនព្រមលើកទូរស័ព្ទ ព្រោះវាគឺជាការគេចវេសដែលធ្វើឲ្យប៉ះពាល់កិត្តិយស ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ>>។

តាមការបញ្ជាក់ បន្ថែមរបស់អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ផងដែរថា កន្លងមកឲ្យតែលោក ពៅ សុខសាន្ដ ដែលជាមេការខាងលើមកសុំពិគ្រោះសំណើបើកប្រាក់ ឈ្នួលជូនបុគ្គលិក (ខ្ចី) ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ច តែដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ពៅ សុខសាន្ត ពុំបានផ្ដល់ព័ត៌មានជូនមកក្រុមហ៊ុនទេ បែរជាបាត់ដំណឹង ហើយខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។

គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាយស្ដីពីការតវ៉ារបស់កម្មករខាងលើដល់ចំណុចណានៅឡើយនោះទេ ហើយយើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា៕
















News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...