អ្នកនាំពាក្យក្រសួងសុខាភិបាល៖ បញ្ហាធំនៃការឆ្លងជំងឺកូវីដ១៩ ពេលនេះ គឺពលរដ្ឋអនុវត្តវិធានការ មិនទាន់បានល្អ

Posted By: RoogRog Robot | 04-May-2021 22:22:37

2021-05-04 10:16pm

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា បញ្ហាធំនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលនៅតែបន្តកើនឡើងពេលនេះ គឺបណ្តាលមកពីពលរដ្ឋនៅតំបន់បិទខ្ទប់ អនុវត្តវិធានការ មិនទាន់បានល្អប្រសើរ ។

ថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា <<អ្វីដែលយើងសង្គេតឃើញបញ្ហាធំនៅពេលនេះ គឺការអនុវត្ត(វិធានការ) ខ្ញុំហ៊ាននិយាយ ដោយសារខ្ញុំមើលឃើញ ខ្ញុំហ៊ាននិយាយថា ការអនុវត្តន៍ នូវវិធានការការពារ <<៣ការពារ>> យើងធ្វើបានល្អប្រសើរច្រើន ប្រជាពលរដ្ឋហាក់ដូចជាមានការចូលរួមអនុវត្តន៍បានច្រើន ក៏ប៉ុន្តែវិធានការ <<៣កុំ>> នេះ គឺនៅឡើយទេ អានេះជាការមើលឃើញរបស់ខ្ញុំ>>។

លោកស្រី បានបន្តទៀតថា៖ <<ហេតុអីបានខ្ញុំថាអញ្ចឹង? ឥលូវយើងសង្គេតឃើញសភាពនៃការរាតត្បាតនៃវីរុស ភាគច្រើនលើសលុបគឺឆ្លងនៅទីតាំងដែលបិទជិត ហើយទីតាំងនោះជាទីតាំងដែលប្រមូលផ្តុំ មនុស្សច្រើន ទីតាំងដែលមានការបិទជិត ហើយដែលមនុស្សមានការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមិនបានអនុវត្តន៍ ត្រឹមត្រូវនូវគម្លាតសុវត្ថិភាពបុគ្គល ឬក៏គម្លាតសុវត្ថិភាពសង្គម>>។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា តំបន់បិទជិតដែលក្នុងនោះមានដូចជា Bar ខារ៉ាអូខេ ឬហាងលក់ឥវ៉ាន់ និងទីផ្សារ ហើយនិងរោងចក្រ សហគ្រាស ដែលឥលូវនេះ រោងចក្រគឺមានបញ្ហាច្រើន ដែលកម្មករមានការចម្លងបន្តគ្នា ដែលភាគច្រើនគឺពួកគាត់រស់នៅជុំគ្នាច្រើនក្នុងទីតាំងតែមួយ ដែលនៅពេលមានផ្ទុះឆ្លងកូវីដមួយ នឹងផ្ទុះជាចង្កោម ឆ្លងច្រើននាក់តែម្តង។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ៣កុំ និង៣ការពារ ដោយបូករួមទាំងការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្រាប់វិធានការ <<៣ការពារ ៣កុំ>> មានដូចជា ៣ការពារ មានដូចជា៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល(ចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ ចំណែក ៣កុំ មានដូចជា៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើ ម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងមានខ្យល់ចេញចូលល្អ, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។

អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដោយបញ្ជាក់ថា បើបានអនុវត្តន៍វិធាន <<៣ការពារ>> ហើយកុំភ្លេចអនុវត្តន៍វិធាន<<៣កុំ>> ឱ្យសោះ ពីព្រោះវិធានការ <<៣ការពារ ៣កុំ>>នេះ ជាវិធានការដែលមានប្រសិទ្ធភាពណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយក្នុងនោះនៅក្នុងប្រទេសណា ក៏គេបានយកទៅអនុវត្តន៍ និងទទួលបានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,២៩៩នាក់, អ្នកជាសះស្បើយចំនួន ៥,៧៩១នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០,៣៩៤នាក់ និងអ្នកស្លាប់ចំនួន១០៧នាក់ ខណៈដែលមានករណីឆ្លងថ្មីរាប់រយនាក់ក្នុង១ថ្ងៃៗ៕





News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...