អ្នកវិភាគចៅចាក់ស្មុក៖ ទោះបីរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ តែពលរដ្ឋទាំងអស់គ្នាត្រូវមានកាតព្វកិច្ច និងការទទួលខុសត្រូវខ្ពស់ ក្នុងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩

Posted By: RoogRog Robot | 04-May-2021 21:54:18

2021-05-04 08:51pm

(ភ្នំពេញ)៖ នៅម៉ោង ០០ ថ្ងៃទី៦ ខែឧសភា ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ នឹងត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់។ ការសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែការដាក់ចេញវិធានការបិទខ្ទប់ សម្រាប់ផ្នែកណាមួយនៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់

ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ប្រជាពលរដ្ឋជាពិសេស នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ប៉ុន្តែ សម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហមនឹងត្រូវអាជ្ញាធរសម្រេចបន្តបិទខ្ទប់ដដែល។ ទោះបីយ៉ាងណាការសម្រេចបញ្ចប់ការបិទខ្ទប់នេះ គឺដើម្បីសម្រួលការធ្វើដំណើរ និងអនុញ្ញាតឱ្យពលរដ្ឋអាចចាប់ផ្តើមប្រកប អាជីវកម្មមួយចំនួនឡើងវិញ តែមិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួនមិនគិតពីការឆ្លងនៃជំងឺកូវីដ-១៩នោះឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនប្រជាពលរដ្ឋគិតនិងចងចាំ ថាការសម្រេចបញ្ចប់ការបិទខ្ទប់នេះ គឺជាការផ្តល់នូវទំនុកចិត្ត និងផ្តល់ការទទួលខុសត្រូវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួបបំផុត។ ជាមួយនឹងបទពិសោធនៃការបិទខ្ទប់រយៈពេល ២០ ថ្ងៃមកនេះ ប្រជាពលរដ្ឋនឹងមាន ការយល់ដឹងកាន់តែខ្ពស់ ចួលរួមកាន់តែខ្ពស់ក្នុងការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ និងអ្នកដទៃកុំឱ្យឆ្លងជំងឺ។

កម្ពុជាយើងនៅពេលនេះ បន្ទាប់ពីការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងស្រុកមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនទាន់បានធ្វើឱ្យការឆ្លងរីករាលដាលនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបាន ធូរស្បើយនៅឡើយទេ គ្រាន់តែបានគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះ។ នៅថ្ងៃទី៤ ខែ ឧសភានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៩៣៨ រូបដែលធ្វើឱ្យអ្នកឆ្លងជំងឺ នេះក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ១៥ ៧៧៤ និងមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១០៧ នាក់។ នេះគឺជាក្តីកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ខណៈបណ្តាខេត្តមួយចំនួន បានទទួលរងការឆ្លងរីករាលដាលនេះដែរ ដូចជាខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបន្ទាយ មានជ័យជាដើម។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មិនចូលរួមសហការ និងអនុវត្តវិធានការទាំងរដ្ឋបាល និងវិធានការសុខាភិបាលទេ នោះហានិភ័យចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតែខ្ពស់ ហើយ បងប្អូនប្រជាពលរដ្ឋនឹងប្រឈមមុខខ្ពស់ក្នុងការឆ្លងជំងឺនេះ។ សូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែស សូម្បីតែមួយវិនាទីណាឱ្យសោះ ព្រោះបច្ចុប្បន្ននេះ វីរ៉ុសកូវីដ-១៩ បាននិងកំពុងចរាចរណ៍ស្ទើរគ្រប់ទីកន្លែង។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលនិងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរ មានសមត្ថកិច្ចគឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើមិនចង់ឱ្យមានការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅទាំងមូល ចាំបាច់ពលរដ្ឋទាំងអស់គ្នាត្រូវតែ ចូលរួមអនុវត្តគ្រប់វិធាន ការដាក់ចុះដោយរាជរដ្ឋាភិបាល ដែលមានគោលដៅចម្បង គឺការពារអាយុជីវិតប្រជាពលរដ្ឋ។

ទន្ទឹមនឹងការសម្រេចបញ្ចប់ការបិទខ្ទប់នេះ ក្រសួងសុខាភិបាលក៏បង្កើនល្បឿនក្នុងការយកសំណាក រាល់អ្នកដែលនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមខ្ពស់នឹងជំងឺកូវីដ-១៩ រៀបចំមណ្ឌលថ្មីៗសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងប្រឹងប្រែងស្វែងរកអ្នកពាក់ព័ន្ធដាក់ដោយឡែក ដើម្បីព្យាបាលបានទាន់ពេលកាត់បន្ថយហានិភ័យនៃការបាត់បង់អាយុជីវិត។ នេះគឺជា បេសកកម្មការពារអាយុជីវិតប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ និងពលរដ្ឋនៅក្នុងតំបន់ហានីភ័យខ្ពស់ សូមចូលរួមសហការជាមួយក្រសួងសុខាភិបាលដើម្បីធ្វើតេស្តស្វែងរកវីរ៉ុសជំងឺកូវីដ-១៩ ដើម្បីឈានទៅកាត់ផ្តាច់នៃប្រភពចម្លងបានទាំងស្រុង និងគ្រប់គ្រងបានព្រឹត្តិការណ៍ ២០ កុម្ភៈនេះ ហើយកម្ពុជានឹងអាចវិលត្រឡប់មករកប្រក្រតីភាពវិញកាន់តែឆាប់រហ័ស៕

ដោយ៖ ចៅចាក់ស្មុក រាជធានីភ្នំពេញ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...