៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្រសួងសាធារណការ ចាក់ជូនមន្ត្រីក្រោមឱវាទ និងពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានជាង ១,៥០០នាក់

Posted By: RoogRog Robot | 22-Apr-2021 21:08:18

2021-04-22 09:07pm

(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រយៈពេល៣ថ្ងៃ គិតចាប់គិតពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចាក់ជូន បុគ្គលិក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងសាធារណការ ចំនួន ៣៧២នាក់ ស្មើនឹង ២៣.៨៣% និងប្រជាពលរដ្ឋក្នុងពីខណ្ឌឬស្សីកែវបានចំនួន ១,១៨៩នាក់ ស្មើនឹង ៧៦.១៧%។ នេះបើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីធានាឱ្យបាននូវការបញ្ចៀសហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ អនុគណៈកម្មការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរៀបចំសណ្ដាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព បានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះចំពោះបុគ្គលិក មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលទៅចាក់ថ្នាំវ៉ាក់សាំង គឺបានតម្រូវឲ្យអនុវត្តការលាងដៃ បាញ់អាកុល វាស់កំដៅ រក្សាអនាម័យមុននឹងអនុញ្ញាតឱ្យចូលទីតាំ ង ផ្តល់វ៉ាក់សាំងផងដែរ។

អ្នកនាំពាក្យវ័យក្មេងសំបូរដោយសមត្ថភាព លោក ហ៊ាង សុទ្ធាយុត្តិ តំណាងឱ្យក្រសួងសាធារណការ ក៏ដូចជាអនុគណៈកម្មការ ក៏បានអំពាវនាវដល់អ្នកដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ សូមមេត្តាបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រ កន្លះឡើងទៅ) និងបីកុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីបិទបញ្ចប់ ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ និងនាំមកនូវប្រប្រតីភាពឡើងវិញផងដែរ។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៨០,៤៣៤នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨,១៩៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧, ៦៤៨នាក់, អ្នកជាសះស្បើយចំនួន ២,៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥,២០៤នាក់, អ្នកស្លាប់ចំនួន ៥៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕




















News Source: www.freshnewsasia.com
LATEST NEWS
សម្ភាសកញ្ញា ឈឹម ស៊ីថរ ជុំវិញ...
MORE NEWS CLICK HERE...