ថ្មីៗនេះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ដែលជារឿងមិនអាចបិទបាំងបានតទៅទៀតឡើយ។ ប៉ុន្តែមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេសលោក គុណ ញឺម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ទាល់តែសោះ។ ផ្ទុយទៅវិញគឺលោក គុណ ញឹម អគ្គនាយកគយ ព្រមទាំងអគ្គនាយករងជាច្រើនរូបទៀតបណ្តោយឲ្យលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។
ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ឈុន សុមង្គល ទេនោះគឺលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តឡើយ។ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង បានបង្ហើបឲ្យដឹងថា លោក កែវ សារ៉ាត់ តែងប្រើឈ្មោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទមហើយប្រព្រឹត្តអំពើពុករលួយពេញបន្ទុក។ បញ្ហានេះជារឿងដែល លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមន្ត្រីក្រោមឱវាទគឺជារឿងដែលមិនអាចបិទបាំងបានឡើយ។
ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុកដោយសារអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែកដ៏រឹងមាំ។ សូម្បីតែមាន់រស់ជ្រូករស់ក៏លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ ឃុបឃិតជាមួយសមត្ថកិច្ចដទៃទៀតបើកដៃឲ្យឈ្មួញនាំចូលតាមច្រកអូរស្មាច់ យ៉ាងរលូនដែរ ហើយប្រើឈ្មោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងសុខស្រួល។ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឈុន សុភមង្គល ហ៊ានបើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល៕ News Source: www.moneaksekar.com