កាលពីថ្ងៃទី១៧កុម្ភៈម្សិលមិញនេះក្រុមហ៊ុន Sastra Film បានធ្វើការបើសម្ភោធជាផ្លូវការ App ថ្មីរបស់ ខ្លួនដែលមហាជននិយមចូលចិត្តទស្សនាអាចចូលមើលរឿងភាគខ្មែរល្អមើលជាច្រើនដែលប្រមូលផ្ដុំទៅដោយតារាសម្ដែងល្បី មានសមត្ថភាព និងទេពកោសល្យខ្ពស់ ហើយជាពិសេសនោះគ្រប់ស្នាដៃរឿង និមួយៗគឺបង្កើតឡើងដោយសម្រិតសម្រាងខ្លាំងបំផុតទាំងសាច់រឿង នឹងបច្ចេកទេសថត។
យ៉ាងណាមិញជុំវិញការដាក់ឱ្យប្រើប្រាស់ App នេះអ្នកស្រី ប៊ុន ចាន់និមល អគ្គនាយិកាក្រុមហ៊ុន Sastra Film បានប្ដេជ្ញាចិត្តយ៉ាងមុះមុតនឹងនាំ App ខ្មែរមួយនេះឈាន លើឆាកអន្តរជាតិឱ្យបរទេស បានស្គាល់ថានេះជាស្នាដៃកូនខ្មែរ ខ្មែរអាចធ្វើបាន។
នៅត្រង់ចំណុតនេះអ្នកស្រី ប៊ុន ចាន់និមល បានសង្កត់ធ្ងន់យ៉ាងច្បាស់ៗថ្លែងប្រាប់អ្នកសារព័ត៌មានថា "អ្វីដែលធ្វើឱ្យខ្ញុំរំភើបនិង ពិតជាមានមោទកភាពខ្លាំង ហ៊ានបង្អួតប្រាប់បរទេសនោះគឺការបង្កើត App នេះឡើងដែលវាកើតចេញ ស្នាដៃកូនខ្មែរសុទ្ធសាធ ដោយពុំមានជនបរទេសណាម្នាក់ចូលរួមផលិត App នេះឡើយគឺវាកើតចេញពីញើសឈាម និងការខំប្រឹងប្រែងរបស់យុវជនខ្មែរយើង ”។ នេះសបញ្ចាក់ឱ្យឃើញថាខ្មែរអាចបង្កើត App ដែលអាចដាក់បញ្ចាំងរឿងដូចបរទេសដែរ។
ហើយបើគិតមកដល់ពេលបច្ចុប្បន្ន Sastra Film បានផលិតខ្សែភាពយន្ដទាំងខ្នាតធំ នឹងភាពយន្ដ ជីវិតសរុបប្រមាណជាង២០០រឿងហើយ ដោយឡែកសម្រាប់នៅក្នុង App ថ្មីដែលទើបបើកសម្ភោធ ឱ្យប្រើប្រាស់ជាផ្លូវការនេះទើបតែមាន១០រឿងប៉ុណ្ណោះ៕
អត្ថបទ៖ Pav Sreypich
News Source: news.sabay.com.kh