ក្រុមហ៊ុនស៊ីម៉ុន បំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង យ៉ាងមហន្តរាយមានការឃុបឃិតជាប្រព័ន្ធ

Posted By: RoogRog Robot | 15-Jul-2020 12:47:21

ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ករណីក្រុមហ៊ុនស៊ីម៉ុន ឃុបឃិតជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ កាប់ឈើនិងដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ​ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកគឺមានការឃុបឃិតជាប្រព័ន្ធ។ ជាក់ស្តែងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ព្រមទាំងលោក អន ចាន់សុជាតិ មិនចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនស៊ីម៉ុន ឃុបឃិតជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ បំផ្លាញព្រៃឈើយ៉ាងមហាន្តរាយនោះទេ។ ហេតុនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយឲ្យក្រុមហ៊ុនស៊ីម៉ុន ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះក្រុមហ៊ុននេះបំពានលើអ្វីដែលមានចែងក្នុងអាជ្ញាប័ណ្ណរបស់ខ្លួនយ៉ាងគឃ្លើនបំផុត។​

ប្រភពពីមន្ត្រីអាជ្ញាធរក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា ក្រុមហ៊ុនស៊ីម៉ុន ទទួលបានសិទ្ធិវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដាំដើមឈើឡើងវិញលើផ្ទៃដីទំហំ៣០១៩៣ហិកតា នៅក្នុងឃុំស្រែសំបូរស្រុកសៀមប៉ាង ហើយបច្ចុប្បន្នកាត់មកក្នុងស្រុកបុរីអូរស្វាយសែនជ័យ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនស៊ីម៉ុន មិនបានដាំដើមឈើស្តារព្រៃឈើឡើងវិញនោះទេ ហើយបែរជាបំពានកាប់ឈើក្រៅទីតាំងក្រុមហ៊ុនរបស់ខ្លួននិងប្រមូលទិញឈើពីអ្នកស្រុកដឹកជញ្ជូនចូលទីតាំងក្រុមហ៊ុនរបស់ខ្លួនដើម្បីឲ្យខ្លាចជាឈើស្រប់ច្បាប់ទៀតផង។​ មិនតែប៉ុណ្ណោះក្រុមហ៊ុនស៊ីម៉ុន បានឃុបឃិតជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ ដោយមានឈ្មោះ យិន ស្នា ជាអ្នកប្រមូលទិញឈើពីខាងក្រៅដឹកជញ្ជូនចូលទីតាងក្រុមហ៊ុនដើម្បីឲ្យក្លាយជាឈើស្រប់ច្បាប់រួចដឹកជញ្ជូនឆ្លងកាត់ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា ឈ្មោះ យឹម ស្នា បានបំពានកាប់ឈើនៅតំបន់ព្រៃការពារព្រៃអភិរក្សហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនស៊ីម៉ុន ដោយមានការឃុបឃិតយ៉ាងរលូន ជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងឧកញ៉ា ជា ពៅ។ ជាក់ស្តែងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះក្រុមហ៊ុនស៊ីម៉ុន ធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញឬគ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានាអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យឡើងវិញចំពោះសកម្មភាពក្រុមហ៊ុនស៊ីម៉ុន ដែលបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង យ៉ាងមហន្តរាយព្រោះក្រុមហ៊ុននេះអនុវត្តន៍ផ្ទុយពីកិច្ចសន្យាជាមួយក្រសួងកសិកម្មយ៉ាងកំរោល៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...