រកឃើញក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាលដោយជោគជ័យ

Posted By: RoogRog Robot | 28-Jun-2020 19:20:13

(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីន ហៃ ដេខ័ររេសិន (ខេមបូឌា) ឯ.ក ក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលទទួលជោគជ័យ ក្នុងចុះបញ្ជីអាជីវកម្មតាម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់បណ្តាញព័ត៌មាន Fresh News រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២នេះថា ក្រុមហ៊ុនអ៊ីន ហៃ ដេខ័ររេសិន (ខេមបូឌា) ឯ.ក បានចុះបញ្ជីនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ហើយបានទទួលបានការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ (សរុប៤ថ្ងៃនៃថ្ងៃធ្វើការ)។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធអនឡាញ)។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ជាបង្គោលចរថ្មីមួយ នៃការកែទម្រង់មុត ស្រួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះតទៅ, ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាស ផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្តាល ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះ គឺជាប្រព័ន្ធទីមួយរបស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធក្នុងក្របខណ្ឌ ជាប្រព័ន្ធអេកូឡូហ្សី ហើយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ជាលក្ខណៈអន្តរក្រសួង ដោយទិន្នន័យទាំងអស់ នឹងត្រូវបានបញ្ជូនចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការត្រួតពិនិត្យ និងផ្តល់កាអនុម័ត។

ដំណើការនៅក្នុងការចុះបញ្ជី, ការដាក់ឯកសារយោង ក៏ដូចជាការទទួលបានមកវិញ នូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម, វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ, បណ្ណប៉ាតង់ ក៏ដូចជាឯកសារផ្សេងទៀតទាំងអស់ នឹងត្រូវផ្តល់ និងទទួលបានជាទម្រង់ឌីជីថល ដែលនឹងត្រូវបានធ្វើឡើងទាំងស្រុងនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយមិនមានការប្រើប្រាស់ជាឯកសាររូបី ក្នុងទម្រង់រឹងទៀតទេ។

តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ, នីតិវិធីស្មុគស្មាញ, ការផ្តល់ព័ត៌មានច្រើនដង និងច្រំដែល, ពេលវេលា និងការចំណាយ ដែលកើតមាននៅតាមបណ្តា ដំណាក់កាល នៃការចុះបញ្ជីអាជីវកម្ម នៅក្នុងក្របខណ្ឌយន្តការចាស់ ត្រូវបានកាត់បន្ថយជាអតិបរមា។

លើសពីនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរ-ជនដែលកំពុងស្វែងរកឯកសារគតិយុត្ត កំណត់អត្តសញ្ញាណ អាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ចីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នាពេលនេះ គ្រាន់តែជាដំណាក់កាលទី១ ដែលផ្តោតជាសំខាន់លើការ ចុះបញ្ជីអាជីវកម្មថ្មីតែប៉ុណ្ណោះ ។ នៅក្នុងដំណាក់កាលបន្ទាប់, រាជរដ្ឋាភិបាលនឹងបន្តពង្រីកវិសាលភាពនៃប្រព័ន្ធនេះ ឈានទៅគ្របដណ្តប់ដល់ គ្រប់ក្រសួង-ស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់អាជ្ញាបណ្ណនានា តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថែមទៀត៕
































News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...