វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ អាចដកសញ្ជាតិអាមេរិកពីលោក Elon Musk ឬ?

Posted By: RoogRog Robot | 03-Jul-2025 13:16:06

2025-07-03 08:15pm

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីមកពីរដ្ឋបាលរបស់លោកបានបង្ហើបឱ្យដឹងថាពួកគេនឹងពិចារណាដកហូតសញ្ជាតិអាមេរិក និងបណ្ដេញមហាសេដ្ឋី លោក Elon Musk ចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីជម្លោះរវាងគូសត្រូវដែលធ្លាប់ជាមិត្តនឹងគ្នាទាំង២ ឡើងកម្ដៅសាជាថ្មីជុំវិញសេចក្ដីព្រាងច្បាប់ថ្មីមួយស្ដីពីការយកពន្ធ និងការចំណាយដែលលោក ត្រាំ ហៅថា <>។ ប៉ុន្តែតើរដ្ឋបាលលោក ត្រាំ មានអំណាចដកសញ្ជាតិ លោក Elon Musk ឬ?

* តើ Elon Musk ទទួលបានសញ្ជាតិអាមេរិកដោយរបៀបណា?លោក Elon Musk កើតនៅឆ្នាំ១៩៧១ ក្នុងទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង ដោយមានម្ដាយជាជនជាតិកាណាដា និងឪពុកជាជនជាតិអាហ្វ្រិកខាងត្បូង។ នៅពេលមានអាយុ១៧ឆ្នាំ លោកបានទៅរស់នៅក្នុងប្រទេសកាណាដាជាទីដែលលោកមានសញ្ជាតិកាណាដាដែរ។ ក្នុងឆ្នាំ១៩៩២ លោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សានៅឯសាកលវិទ្យាល័យ University of Pennsylvania។ លោកទទួលបានសញ្ជាតិអាមេរិកក្នុងឆ្នាំ២០០២។ នេះបើតាមជីវប្រវត្តិរបស់លោកសរសេរដោយអ្នកកាសែតលោក Walter Isaacson។ នៅខែតុលា ឆ្នាំ២០២៤ កាសែតអាមេរិក Washington Post បានរាយការណ៍ថាលោក Musk បានចាប់ផ្ដើមអាជីពការងាររបស់លោកនៅសហរដ្ឋអាមេរិកដោយមិនមានលិខិតស្នាមអនុញ្ញាតឱ្យធ្វើការត្រឹមត្រូវនោះទេ។ ប៉ុន្តែលោក Musk បានទាត់ចោលការចុះផ្សាយនេះដោយលោកបានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ក្នុងថ្ងៃតែមួយនៃការចុះផ្សាយព័ត៌មានខាងលើដូច្នេះថា <<ជាការពិតណាស់ ខ្ញុំត្រូវបានអនុញ្ញាតឱ្យធ្វើការក្នុងសហរដ្ឋអាមេរិក។ ខ្ញុំមានទិដ្ឋាការ J-1 ដែលផ្លាស់ប្ដូរទៅជាទិដ្ឋាការ H1-B>>។ J-1 គឺជាទិដ្ឋាការបណ្ដោះអាសន្នសម្រាប់និស្សិតបរទេស រីឯ H1-B ជាទិដ្ឋាការការងារបណ្ដោះអាសន្ន។ ដើម្បីក្លាយជាពលរដ្ឋអាមេរិក ឬទទួលបានសញ្ជាតិអាមេរិក បុគ្គលម្នាក់ចាំបាច់ត្រូវមានអាយុ១៨ឆ្នាំឡើងទៅ និងបានរស់នៅជាប់លាប់ក្នុងសហរដ្ឋអាមេរិក ដោយកាន់ប័ណ្ណបៃតងរយៈពេល៥ឆ្នាំ ឬក៏៣ឆ្នាំ ប្រសិនបើរៀបការជាមួយពលរដ្ឋអាមេរិក។

* តើលោក ត្រាំ និយាយអ្វីខ្លះពីលោក Elon Musk?លោក Elon Musk ដែលជាថៅកែក្រុមហ៊ុនTesla និង SpaceX ធ្លាប់ជាមនុស្សជំនិតម្នាក់របស់លោក ត្រាំ និងជាម្ចាស់អំណោយដ៏សំខាន់ដែលបានបរិច្ចាគប្រាក់រាប់លានដុល្លារដល់ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ។ តែទំនាក់ទំនងផ្អែមល្ហែមរបស់អ្នកទាំង២ បានក្លាយជាទឹកខ្មេះ បង្កជាជម្លោះឈ្លោះប្រកែកគ្នាជាសាធារណៈ ក្រោយលោក ត្រាំ ស្នើឡើងនូវច្បាប់ Big Beautiful Bill។ លោក Musk បានរិះគន់សេចក្ដីព្រាងច្បាប់នេះម្ដងហើយម្ដងទៀតនៅលើបណ្ដាញទំនាក់ទំនងសង្គម ហើយថែមទាំងគំរាមបង្កើតគណបក្សនយោបាយថ្មីទៀតផង ជាការឆ្លើយតបទៅនឹងការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ លោក Musk ត្រូវបានរំពឹងថានឹងទទួលផលប៉ះពាល់ពីសេចក្ដីព្រាងច្បាប់នេះដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃអង្គារ ទី១ ខែកក្កដា ក៏ព្រោះតែច្បាប់នេះនឹងបិទបញ្ចប់ពន្ធឥណ្ឌទាន ៧៥០០ដុល្លារសម្រាប់ការទិញរថយន្ដអគ្គិសនីចាប់ពីថ្ងៃទី៣០ ខែកញ្ញាខាងមុខតទៅ។ ពោលគឺវាអាចនឹងកាត់បន្ថយតម្រូវការប្រើប្រាស់ រថយន្ដអគ្គិសនី នៅក្នុងសហរដ្ឋអាមេរិក។ នៅលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃចន្ទ ទី៣០ ខែមិថុនា លោក ត្រាំ បានលើកឡើងថា <<ដោយមិនមានប្រាក់ឧបត្ថម្ភធន (ពីរដ្ឋ) Elon ប្រហែលជាអាចត្រូវបិទក្រុមហ៊ុន ហើយត្រឡប់ទៅអាហ្វ្រិកខាងត្បូងវិញ>>។ កាលពីថ្ងៃអង្គារ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរលោក ត្រាំ ថាតើរូបលោកនឹងបណ្ដេញលោក Musk ចេញពីសហរដ្ឋអាមេរិកឬ? លោក ត្រាំ បានឆ្លើយថា <<យើងនឹងពិចារណា>>។

* តើសហរដ្ឋអាមេរិកអាចដកសញ្ជាតិមកវិញដោយផ្អែកលើហេតុផលអ្វី?នៅក្រោមទេសៈកាលៈមួយចំនួន ជនបរទេសដែលទទួលបានសញ្ជាតិអាមេរិក អាចបាត់បង់សញ្ជាតិរបស់ពួកគេក្នុងនាមជាពលរដ្ឋអាមេរិក ឬក៏គេហៅការដកហូតសញ្ជាតិ។ ការដកហូតសញ្ជាតិ នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក អាចធ្វើទៅកើត ក្នុងករណីដែលពលរដ្ឋអាមេរិកណាម្នាក់ប្រព្រឹត្តបទព្រហ្មទណ្ឌមួយចំនួនក្នុងនោះរួមមានភេរវកម្ម ឧក្រិដ្ឋកម្មសង្រ្គាម រំលោភបំពានសិទ្ធិមនុស្ស បទឧក្រិដ្ឋផ្លូវភេទ ការក្លែងបន្លំដើម្បីបានសញ្ជាតិដែលមានន័យថាបុគ្គលម្នាក់ទទួលបានសញ្ជាតិដោយការកែ្លងបន្លំឯកសារ ឬក៏ទទួលបានសញ្ជាតិដោយខុសច្បាប់។ កាលពីថ្ងៃទី១១ ខែមិថុនា ក្រសួងយុត្តិធម៌អាមេរិកបានចេញផ្សាយឯកសារមួយដោយកត់សម្គាល់ថាក្រសួងនឹងផ្ដោតជាអាទិភាពលើការដកសញ្ជាតិតាមរយៈការចាប់ផ្ដើមនិតិវិធីរដ្ឋប្បវេណីសម្រាប់បុគ្គលណាដែលទទួលបាន សញ្ជាតិអាមេរិកដោយការក្លែងបន្លំ ឬលាក់បាំងឯកសារដោយចេតនា។ ឯកសារនេះដដែលបន្ថែមថាក្រសួងនឹងអនុវត្តជាអតិបរមាលើនិតិវិធីដកសញ្ជាតិលើគ្រប់ករណីទាំងអស់ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ និងមានភស្តុតាងគ្រប់គ្រាន់។

* ដូច្នេះតើលោក ត្រាំ អាចដកហូតសញ្ជាតិលោក Elon Musk ឬ?បើតាមក្រុមអ្នកជំនាញ ដូចជាលោក Michael Kagan យល់ថាការដកហូតសញ្ជាតិលោក Elon Musk ដោយផ្អែកលើហេតុផលឯកសារទំនងជានឹងមិនអាចធ្វើទៅកើតទេ។ លោក Michael Kagan បាននិយាយថា <<ការដកហូតសញ្ជាតិអាចធ្វើទៅកើត លុះត្រាតែរដ្ឋាភិបាលរកឃើញ ឬមានភស្តុតាងគ្រប់គ្រាន់បង្ហាញថាមានការក្លែងបន្លំនៅក្នុងឯកសារច្បាប់ដើមដាក់ពាក្យសុំចូល សញ្ជាតិ។ សាស្ត្រាចារ្យច្បាប់រូបនេះមកពីសាកលវិទ្យាល័យ University of Nevada ក្នុងទីក្រុង Las Vegas បានបញ្ជាក់ទៀតថាវាជារឿងកម្រ ហើយមិនអាចទៅរួចទេដែលលោក Musk អាចក្លែង បន្លំឯកសារបាន ហើយលោកយល់ថាការគំរាមរបស់លោក ត្រាំ គឺជាការសម្លុតគំរាមគូសត្រូវនយោបាយតែប៉ុណ្ណោះ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...

At our core is a quality of desing and development solutions that respresent everything your business needs to compete in the modern marketplace.

Contact Info

(855) 11 291 911/ 15 291 911
info@roogrog.com


© RoogRog.com