អាជ្ញាធរជាតិអប្សរា ណែនាំឱ្យម្ចាស់គណនី Nina Daily សុំទោសជាសាធារណៈ ចំពោះការបង្ហោះវីដេអូ ប្រើប្រាស់សម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត

Posted By: RoogRog Robot | 04-Apr-2025 22:44:20

2025-04-04 09:39pm

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និងសុំទោសជាសាធារណៈ ចំពោះការបង្ហោះវីដេអូ ដែលប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ គណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅបង្ហាញ និងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួន ដែលប៉ះពាល់ដល់តម្លៃ របស់អង្គរសម្បត្តិបេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា សូមសម្តែងការមិនពេញចិត្ត និងមិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ សម្បត្តិបេតិកភណ្ឌជាតិ ដោយពុំសមស្របនេះ ក្នុងនោះអង្គរវត្ត មិនមែនត្រឹមតែ ជាកេតនភណ្ឌជាតិ អត្តសញ្ញាណជាតិ និងជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃជាសកល ជាកិត្តិយសជាតិ ដែលត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងន័យនេះ ការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការរបស់គាត់ គឺជាទង្វើប្រាសចាក ទាំងតម្លៃបេតកកភណ្ឌ និងសីលធម៌ ដូចជា៖

១៖ ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។ ២៖ កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយា សម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្ត្រីខ្មែរ។ ៣៖ កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាតិ។

អាជ្ញាធរជាតិអប្សរា ភ្លាមៗបានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និងសូមណែនាំជាបន្តឱ្យសុំទោស ជាសាធារណៈចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយ ដែលប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការមិនសមស្របនេះ ក៏ដូចជាសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសនឹងសីលធម៌ និងប្រពៃណីជាតិខ្មែរ តទៅទៀតនៅក្នុងរមណីយដ្ឋានអង្គរ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមសំណូមពរសាធារណជនទាំងអស់ មេត្តាចូលរួមថែរក្សាតម្លៃបេតិកភណ្ឌជាតិ ចៀសវាងការប្រព្រឹត្តនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងតម្លៃស្ត្រីខ្មែរ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...