មន្ទីរពេទ្យកាល់ម៉ែត សូត្រមន្ដបង្សុកូលឧទ្ទិសកុសល បួងសួងសូមសេចក្ដីសុខចម្រើនដល់ពលរដ្ឋកម្ពុជា ពិសេសសូមឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ត្រលប់ជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Posted By: RoogRog Robot | 04-Apr-2025 21:22:23

2025-04-04 09:18pm

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ជាង១សប្ដាហ៍ទៀតពិសេសបណ្ដេញនូវឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យ និងប្រជាជនកម្ពុជាទូទាំងប្រទេស។

ជាងរៀងរាល់ឆ្នាំ មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំពិធីនេះក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ ពិសេសនៅមន្ទីរពេទ្យ គឺជាកន្លែងព្យាបាលអ្នកជំងឺផុតពីសេចក្ដីស្លាប់ តែក៏មានអ្នកជំងឺខ្លះស្លាប់ ទោះជាទទួលបានការជួយសង្គ្រោះយ៉ាងចិត្ដទុកដាក់ក៏ដោយ។

<<ដូច្នេះមន្ទីរពេទ្យតែងតែយកឱកាសនេះ ដើម្បីរៀបចំបួងសួងសូមសេចក្ដីសុខចម្រើនដល់ប្រជាជនកម្ពុជា ពិសេសសូមឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ត្រលប់ជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ>> ការបញ្ជាក់របស់លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ដ្រាចារ្យក៏បានគូសរម្លឹកថា នេះក៏ជាឱកាសជួបជុំមន្ដ្រីរាជការ បុគ្គលិកទាំងអស់ ធ្វើបុណ្យរួមគ្នា ហើយក៏ជាឱកាសបង្កើនសាមគ្គីភាពគ្នា ក្នុងការបំពេញការងារកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាបម្រើសេវាសុខភាពជូន ប្រជាពលរដ្ឋឱ្យបានជាសះស្បើយទាំងអស់។

លើសពីនោះលោកសាស្ដ្រាចារ្យក៏បានគូសបញ្ជាក់ថា ទោះក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើង ពិសេសបានត្រៀមលក្ខណៈរួចជាស្រេច បើមានបញ្ហាសុខភាពអ្វីកើតឡើង មន្ទីរពេទ្យនឹងធ្វើការជាប្រព័ន្ធផ្ដល់សេវាជូនប្រជាជនភ្លាមៗ។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព បរិភោគស្អាត រស់នៅស្អាត អនាម័យខ្ពស់ និងហាត់ប្រាណដើម្បីសុខភាព និងបន្ដប្រុងប្រយ័ត្នចំពោះជំងឺផ្សេងៗ និងត្រូវប្រុងប្រយ័ត្នជានិច្ច ក្នុងអំឡុងធ្វើដំណើរទៅគ្រប់ទីកន្លែង។

សូមជម្រាបថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មន្ទីរពេទ្យកាល់ម៉ែត មិនត្រឹមតែបាននិមន្ដព្រះសង្ឃសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជនប៉ុណ្ណោះទេ គឺក៏មានការសម្ដែងរបាំត្រុដិ ដោយក្រុមសិល្បករ សិល្បការិនី ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រុព្វចង្រៃផងដែរ។

ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤៖៤៨នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

សម្រាប់ពេលវេលានៃថ្ងៃសង្ក្រាន្ត ចំនួន ៣ថ្ងៃ ដែលថ្ងៃទី១ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ៤៖៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត), ថ្ងៃទី២ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមេសា ជាវារៈវ័នបត និងថ្ងៃទី៣ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមេសា វេលាម៉ោង ៨៖២៧នាទី និង៣៦វិនាទី ជាវារៈឡើងស័ក៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...