វិភាគអន្តរជាតិ៖ តើបទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា អាចយូរអង្វែងដែរទេ?

Posted By: RoogRog Robot | 27-Nov-2024 20:58:36

2024-11-27 08:54pm

(ហ្ស៊េរុយសាឡិម)៖ បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានចូលជាធរមានហើយ នៅម៉ោង៤ព្រឹក នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពី លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសថាភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។ <<បទឈប់បាញ់នឹងបង្កើត លក្ខខណ្ឌ ដើម្បីស្ដារឡើងវិញនូវភាពស្ងប់ស្ងាត់យូរអង្វែង ហើយអនុញ្ញាតប្រជាជននៃប្រទេសទាំង២អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅតាមបណ្ដោយព្រំដែនទាំងសងខាងដោយសុវត្ថិភាព>>។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមមួយរបស់លោក បៃដិន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati វិញបានប្រកាសស្វាគមន៍បទឈប់បាញ់ ជាមួយការថ្លែងអំណរគុណសហរដ្ឋអាមេរិក និងបារាំងសម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោក បៃដិន ខណៈក្រុមហេសបូឡាក៏ត្រូវបានរាយការណ៍ដែរថាបានយល់ព្រមទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល កាលពីថ្ងៃអង្គារ បានបោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ១០ ទល់នឹង ១សំឡេងជំទាស់។ តែព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានព្រមានទុកជាមុនថាអ៉ីស្រាអែលនឹងចាត់វិធានការឆ្លើយតបភ្លាមៗ ប្រសិនបើហេសបូឡាបំពានលើបទឈប់បាញ់។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជម្លោះ រវាងអ៉ីស្រាអែល និងហេសបូឡា បានបង្ខំឱ្យប្រជាជនលីបង់ ១.២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងមនុស្ស ៣ ៧៦៨នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលត្រឹមតែ២ខែ កន្លងមកនេះ។ ដូច្នេះតើបទឈប់បាញ់នេះ មានន័យយ៉ាងណាចំពោះសង្រ្គាមនៅលីបង់ និងហ្កាហ្សា?

*​ តើអ្វីទៅជាលក្ខខណ្ឌនៃបទឈប់បាញ់?កិច្ចព្រមព្រៀងក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង បានតម្រូវឱ្យមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដែលក្រុមអ្នកចរចាចាត់ទុកថានឹងត្រូវបានប្រើជាមូលដ្ឋាន ឆ្ពោះទៅរក បទឈប់បាញ់យូរអង្វែងមួយ។ អំឡុងពេល ៦០ថ្ងៃនេះដែរ ក្រុមអ្នកប្រយុទ្ធហេសបូឡាត្រូវបានរំពឹងថានឹងដកថយក្នុងចម្ងាយ ៤០គីឡូម៉ែត្រពីព្រំដែនរវាងអ៉ីស្រាអែល និងហេសបូឡា ខណៈ កងទ័ពថ្មើរជើងអ៉ីស្រាអែលនឹងត្រូវដកចេញពីទឹកដីលីបង់។ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៧០១ ដែលបានបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងហេសបូឡា កាលពីឆ្នាំ២០០៦ ត្រូវបានប្រើជាមូលដ្ឋាននៃកិច្ចព្រមព្រៀង ហើយការចរចាគឺផ្តោតសំខាន់លើការអនុវត្តតាមដំណោះស្រាយនេះ។

នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅពេលនេះ កងទ័ពលីបង់នឹងត្រូវសហការជាមួយកងទ័ពមួកខៀវ UN និងគណៈកម្មាធិការចម្រុះជាតិសាសន៍មួយ ក្នុងការអនុវត្តការតាមដានយ៉ាង ហ្មត់ចត់ជាងមុនលើសកម្មភាពរបស់ហេសបូឡា នៅតាមបណ្ដោយដងទន្លេ Litani ដើម្បីទប់ស្កាត់កុំឱ្យចលនាប្រដាប់អាវុធមួយនេះអាចប្រមូលផ្ដុំកងកម្លាំងឡើងវិញនៅទីនោះ។

* តើបទឈប់បាញ់អាចរស់បានយូរប៉ុនណា?បទឈប់បាញ់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនស៊ីវិលលីបង់ ដកដង្ហើមឱ្យបានស្រួល រួមទាំងប្រជាជនអ៉ីស្រាអែលជាច្រើនម៉ឺននាក់ ដែលកំពុងស្នាក់នៅតាមជម្រកបណ្ដោះអាសន្ន ចាប់តាំងពីកងទ័ពអ៉ីស្រាអែល និងហេសបូឡា បាញ់ផ្លោងគ្រាប់ឆ្លងដែនដាក់គ្នាស្ទើរតែរៀងរាល់ថ្ងៃ។ ប៉ុន្តែ វានៅតែមានសំណួរជាច្រើនថាតើអ៉ីស្រាអែល និងហេសបូឡា អាចអនុវត្តតាមបទឈប់បាញ់ បានយូរប៉ុនណា? ស្របពេលអ៉ីស្រាអែលទទូចថាខ្លួននឹងធ្វើសកម្មភាពយោធាភ្លាមៗ ប្រសិនបើហេសបូឡាហ៊ានបំពានបទឈប់បាញ់។ នេះមានន័យថាជម្លោះអាចនឹងផ្ទុះឡើងឡើងវិញគ្រប់ពេល។ កន្លងមកទាំងអ៉ីស្រាអែល និងហេសបូឡា សុទ្ធតែបានធ្វើសកម្មភាពបំពានលើបទឈប់បាញ់។ កាលពីឆ្នាំ២០០៦ ហេសបូឡាក៏ធ្លាប់បានសន្យាដកថយក្នុងចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែនអ៉ីស្រាអែល និងលីបង់ផងដែរ តែផ្លូវរូងក្រោមដីដ៏ធំសម្បើមត្រូវបានហេសបូឡាសាងសង់នៅក្នុងតំបន់មួយតាមបណ្ដោយព្រំដែន។ រីឯ អ៉ីស្រាអែលក៏បានបំពានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៦ដែរ តាមរយៈ ការដឹកនាំប្រតិបត្តិការហោះហើរស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងប្រទេសលីបង់។ ការបំពានបទឈប់បាញ់បានអនុញ្ញាតឱ្យហេសបូឡាពង្រឹងសមត្ថភាពកងកម្លាំងរបស់ខ្លួន ខណៈអ៉ីស្រាអែលបានប្រមូល ព័ត៌មានសម្ងាត់សំខាន់ៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់ហេសបូឡា ដែលបានជួយអ៉ីស្រាអែលទទួលបានជោគជ័យយ៉ាងសម្បើមក្នុងសង្រ្គាមឆ្នាំ២០២៤នេះ តួយ៉ាងដូចជាការតាមកម្ទេចមេដឹកនាំ និងមេបញ្ជាកកំពូលៗរបស់ហេសបូឡាជាច្រើននាក់។

តែទោះជាយ៉ាងក៏ដោយ ក៏បទឈប់បាញ់កាលពីឆ្នាំ២០០៦ អាចរក្សាបាននូវភាពស្ងប់ស្ងាត់ជិត ២ទសវត្សរ៍ ដែលជាសន្តិភាពយូរបំផុតរវាងអ៉ីស្រាអែល និងហេសបូឡា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៦០មក។

* តើបទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា អាចមានឥទ្ធិពលលើសង្រ្គាមនៅហ្កាហ្សា ដែរឬទេ?លោក HA Hellyer ជាអ្នកវិភាគម្នាក់ខាងសន្តិសុខ មកពីវិទ្យាស្ថាន Royal United Services Institute (RUSI) មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយថាកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាង អ៉ីស្រាអែល និងហេសបូឡា ទំនងជានឹងមិនអាចផ្ដល់ឱ្យប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ដកដង្ហើមបានស្រួលនោះទេ។ លោកបន្ថែមថា <<កិច្ចព្រមព្រៀងនេះមិនមានន័យអ្វីសម្រាប់តំបន់ហ្កាហ្សា ឡើយ ហើយខ្ញុំមិនគិតទេថាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងលីបង់ អាចនឹងសម្រួលដល់កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងហ្កាហ្សា ពីព្រោះថាមួយរយៈកាលចុងក្រោយនេះមិនមានកិច្ចចរចាដ៏មានសក្តានុពលដើម្បី ស្វែងរកបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នោះទេ>>។

ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ CNN ថាកិច្ចព្រមព្រៀងជាមួយហេសបូឡា នឹងក្លាយជាការបញ្ជូនសារមួយទៅកាន់ក្រុមហាម៉ាសថាអ៉ីស្រាអែល និងដៃគូរបស់ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាឱ្យបាននូវកិច្ចព្រមព្រៀងមួយជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំនៅហ្កាហ្សា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានបោះឆ្នោតវេតូតែម្នាក់ឯង ប្រឆាំងនឹងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សា ដោយអះអាងថាដំណោះស្រាយនេះមិនមានលក្ខខណៈគ្រប់គ្រាន់សម្រាប់បទឈប់បាញ់មួយដែលនាំទៅរកការដោះលែងចំណាប់ខ្មាំងជាបន្ទាន់។ មកទល់នឹងពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ៤៤ ០០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរ​វ​ាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដែលបានផ្ទុះឡើងជាងមួយឆ្នាំមកនេះ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...