ព្រឹកស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ

Posted By: RoogRog Robot | 23-Nov-2024 21:21:16

2024-11-23 09:17pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ រដ្ឋសភាកម្ពុជានឹងបើកជាផ្លូវការនៃ សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកសម័យប្រជុំជាផ្លូវការនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

ក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ថ្លែងបទបាឋកថាពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្ត នយោ​បាយឈ្នះ-ឈ្នះ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច​ខិត​ខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយភាគីពាក់ព័ន្ធ។

សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា២វគ្គ

* ១៖ ពិភាក្សាអំពីការជំរុញ និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាង​សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល។

* ២៖ ពិភាក្សាអំពី ការពង្រឹងពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងនេះ IPTP គ្រោងនឹងដាក់ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្ម​នុញ្ញ​សន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើ​គន្លឹះសំខាន់ៗ​ចំនួន៥ ជាអាទិ៍ ១. ការទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរ​កាល ៤. ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា​មនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥.សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពក្នុងបរិបថនៃការប្រែប្រួលអាកាសធាតុ។

ក្នុងអំឡុងពេលសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញ​ចំនួន​៥ផងដែរ ក្នុងនោះរួមមាន៖ ១. កិច្ចប្រជុំគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា ២. កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ ៣. កិច្ចប្រជុំ គណៈកម្មា​ធិការ​សន្តិសុខ ស្បៀងអាហារ-ថាមពល-ទឹកនិងបរិស្ថាន ៤. កិច្ចប្រជុំគណៈ​កម្មា​ធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៥. កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានទទួលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័ន​អន្តរសភា​អន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក អាយភីធីភី មួយចំនួនផងដែរ។

ពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរធម្មនុញ្ញសន្តិភាព នឹងត្រូវធ្វើឡើងនៅ​​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងមានការប្រគល់ <<ពាន​រង្វាន់​សន្តិភាពដើម្បីមនុស្សជាតិ និង ភពផែនដី>> ជូនឥស្សរជនឆ្នើមពិភពលោក ផងដែរ។

សូមជម្រាបថា IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកល​សម្រាប់​ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើត​ឡើងក្នុងឆ្នាំ២០១៧។ IPTP គឺជាវេទិកាសម្រាប់សមាជិកសភា ពិភាក្សាលើ​បញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ IPTP ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...