(ភ្នំពេញ)៖ អគ្គលេខាធិកាអាស៊ាន បានវាយតម្លៃខ្ពស់និងកោតសរសើរសភាកម្ពុជា ដែលទទួលធ្វើជាម្ចាស់ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃវេទិកាសភាអន្តរជាតិដើម្បីភាពអត់និងសន្តិសភា (IPTP) ដែលវេទិកានេះ នឹងមានឥទ្ធិពលសំខាន់ដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការថែរក្សាការពារសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលោក ដែលកំពុងស្ថិតនៅក្នុងបរិបទមួយប្របកដោយភាពស្មុគស្មាញ មានហានិភ័យខ្ពស់ នៃការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយ។
លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃដូច្នេះនៅក្នុងឱកាស ដែលលោក បណ្ឌិត និងសហការី ទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសម័យប្រជុំពេញលើកទី១១ របស់ IPTP នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា នៅក្នុងឱកាសលោកបណ្ឌិត អញ្ជើញមកចូលរួម សម័យប្រជុំពេញអង្គលើកទី១១របស់ IPTP។
លោកបណ្ឌិត អគ្គលេខាធិកាអាស៊ាន បានគូសបញ្ជាក់ថាតាមរយៈសម័យប្រជុំពេញអង្គ IPTP ដែលនឹងសម្រេចបាននូវធម្មនុញ្ញសន្តិភាពនោះ ពិភពលោកនឹងរៀនសូត្រជាច្រើនពីកម្ពុជាក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណជា្រលជ្រៅ ដែលអគ្គលេខាធិការអាស៊ាន បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គរបស់IPTP លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចបានលើកឡើងថាធម្មនុញ្ញសន្តិភាព ជាការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីករបស់ម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលវេលាជាច្រើទសវត្សរ៍ ក្នុងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ជូនប្រជាពលរដ្ឋ ចេញពីប្រទេសមួយដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពនិងទេពកោសល្យ ដឹកនាំរបស់ លោកបណ្ឌិត កៅ គឹមហួន ដែលធ្វើឱ្យអាស៊ានទទួលបានជោគជ័យជាបន្តបន្ទាប់។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អាស៊ាននិងអន្តរសភាអាស៊ាន (AIPA) ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋអាស៊ាន ត្រូវបានពង្រឹង និងលើកកម្ពស់ កាន់តែជិតសិ្នទ្ធ កាន់តែសកម្ម និងរស់រវើកបន្ថែមទៀត ជាពិសេស ក្រោយយន្តការនៃកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខរដ្ឋអាស៊ាន និងអាយប៉ា ជាទៀតទាត់នោះ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់លោកបណ្ឌិត ដែលជាកូនខ្មែរដំបូងបង្អស់បានទទួលបាននូវមុខតំណែងដ៏មានសារៈសំខាន់ មួយនេះ។
ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកបណ្ឌិតដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់លោកបណ្ឌិត នៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាពេលនេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់អាស៊ាន ដែលជាស្ថាប័នតំបន់មួយ ដែលពោរពេញដោយថាមវន្តនិងរស់រវើក។
នៅក្នុងឱកាសជួបពិភាក្សាការងារនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកអគ្គលេខាធិការអាស៊ាន បានផ្លាស់ប្តូរនិងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកជុំស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខអន្តរជាតិ ជាពិសេស លោកបណ្ឌិត កៅ កឹមហួន បានបង្ហាញពីលទ្ធផលនិងទស្សនវិស័យរបស់អាស៊ាន ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ផងដែរ៕