(កៀវ)៖ យោធាជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបាត់បង់ការគ្រប់គ្រងជាង ៤០ភាគរយនៃទឹកដីដែលខ្លួនកាន់កាប់ នៅតំបន់ Kursk របស់រុស្ស៉ី ខណៈដែលកងកម្លាំងទីក្រុងមូស្គូបង្កើនការវាយបក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ប្រភពដែលជាអគ្គសេនាធិការអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៉ីបានដាក់ពង្រាយទាហានប្រហែល ៥៩,០០០នាក់ទៅកាន់តំបន់ Kursk ចាប់តាំងពីកងកម្លាំងទីក្រុងកៀវ បេីកការវាយលុក ហេីយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រភពដដែលបញ្ជាក់ថា <<យើងគ្រប់គ្រងបានប្រហែល ១,៣៧៦គីឡូម៉ែត្រក្រឡា។ តែឥឡូវនៅសល់ប្រហែល ៨០០គីឡូម៉ែត្រប៉ុណ្ណោះ ដោយសត្រូវកំពុងបង្កើនការវាយបករបស់ខ្លួន។ យើងនឹងកាន់កាប់ទឹកដីនេះឱ្យបានដរាបណាសម្ភារយោធានៅតែមាន>>។
ក្រសួងការពារជាតិរុស្ស៉ី មិនទាន់ឆ្លើយតបទេចំពោះសំណើរបស់ Reuters សម្រាប់ការវាយតម្លៃថ្មីចុងក្រោយរបស់ទីក្រុងកៀ អំពីសមរភូមិតំបន់ Kursk។ ដូច្នេះ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខ ឬការពិពណ៌នាដែលបានផ្តល់ឱ្យនេះទេ។
គួរបញ្ជាក់ថា អ៊ុយក្រែន បានបេីកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អេីលចូលតំបន់ Kursk កាលពីខែសីហា ដែលជាការវាយប្រហារលេីកដំបូងដោយបរទេស មកលេីរុស្ស៉ីគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ជាមួយនិងការវាយរុលចូលទៅក្នុងទីក្រុង Kursk អ៊ុយក្រែន ក៏កំពុងទប់ស្កាត់ការវាយប្រហាររបស់រុស្ស៉ី នៅឯភាគខាងកើត និងភាគឦសាននៃប្រទេស។ ប៉ុន្តែកម្លាំងរុស្ស៉ី នៅតែឈានទៅមុខជាលំដាប់ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន៕