(បេរូត)៖ កងកម្លាំងការពារជនស៉ីវិលលីបង់ បាននិយាយថា ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាមួយ បានសម្លាប់មនុស្ស ១១នាក់នៅកណ្តាលទីក្រុងបេរូត នាថ្ងៃសៅរ៍ ទី២៣ វិច្ឆិកានេះ ខណៈអ៉ីស្រាអែលបង្កេីនការវាយលុករបស់ខ្លួនប្រឆាំងក្រុមហេសបូឡា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារព័ត៌មានជាតិរបស់លីបង់ រាយការណ៍ថា ការវាយប្រហារបានបំផ្លាញអគារកម្ពស់ ៨ជាន់ និងបណ្តាលឱ្យមានអ្នកស្លាប់ របួសជាច្រើន។ ទីភ្នាក់ងារនេះ បានឱ្យដឹងទៀតថា អ៉ីស្រាអែលប្រើប្រាស់គ្រាប់បែកកំណត់គោលដៅបំផ្ទុះអង្រួនរដ្ឋធានីបេរូត នៅប្រហែលម៉ោង ៤ទៀបភ្លឺថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ យ៉ាងហោចណាស់គ្រាប់បែកចំនួន ៤គ្រាប់ត្រូវបានទម្លាក់នៅក្នុងការវាយប្រហារនេះ។
វាជាការវាយប្រហារតាមអាកាសលើក ៤របស់អ៉ីស្រាអែលក្នុងសប្តាហ៍នេះ ដោយសំដៅលើតំបន់កណ្តាលទីក្រុងបេរូត ផ្ទុយពីការវាយប្រហារមុនៗដែលភាគច្រេីន ទៅលើតំបន់ជាយក្រុងភាគខាងត្បូង គ្រប់គ្រងដោយក្រុមហេសបូឡា។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល បានសម្លាប់មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ហេសបូឡាម្នាក់ នៅក្នុងសង្កាត់ Ras al-Nabaa កណ្តាលទីក្រុងបេរូត។
ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា អ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ មកដល់មានចំនួនសរុប ៣,៦៤៥នាក់ និងរបួស ១៥,៣៥៥នាក់។ តួលេខមិនបែងចែករវាងយុទ្ធជន និងជនស៉ីវិលទេ៕