(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានលើកឡើងថា មូលដ្ឋានព្រះធម៌ របស់សម្តេចតេជោ ហ៊ុន សែន ជាចំណែកធ្វើឱ្យការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<នយោបាយឈ្នះឈ្នះ មានមូលដ្ឋានពីសាសនា ព្រោះនយោបាយឈ្នះឈ្នះ ការអនុវត្ដបុណ្យ, ការយោគយល់, ការសន្ដោស, ការមិនប្រកាន់ទោសទណ្ឌ មានមូលដ្ឋានពីសាសនា [...] នយោបាយឈ្នះឈ្នះ មានសុខសន្ដិភាពមកដល់ពេលនេះ ដោយសារតែការទុកចិត្ដ មិនមានការសងសឹង>>។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការចាំបាច់ដែលរដ្ឋ ត្រូវការលើកស្ទួយសាសនា ព្រោះសាសនា គឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមនាសង្គម និងសុខសន្ដិភាព។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្នាក់នាំបក្សនយោបាយមកពីបណ្តាប្រទេសនានា ពេលជួបសម្តេចសុទ្ធតែលើកសរសើរ ពីការបញ្ចប់សង្គ្រាម និងកសាងសុខសន្តិភាពនៅកម្ពុជា ព្រមទាំងស្នើចែករំលែកពិសោធន៍នៃការបញ្ចប់សង្គ្រាម។
បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចធម៌របស់សម្តេចតេជោ ធ្វើឱ្យកងទ័ពខ្មែរក្រហមជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល។
សម្តេចបវរធិបតី បានឲ្យដឹងថា ប្រទេសកាន់តែទំនើប សាសនាដើរតួនាទីកាន់តែសំខាន់។ សម្តេចបវរធិបតី បានថ្លែងទៀតថា ជំនឿសាសនា មិនមែនជាឧបសគ្គរារាំង មិនឱ្យប្រទេសក្លាយទៅជាប្រទេសទំនើបនោះទេ។
លើពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអប់រំតាមបែបសាសនា ជាចំណែកដ៏សំខាន់នៃការអប់រំសីលធម៌របស់មនុស្ស។ សម្តេចបវរធិបតី បានថ្លែងថា ការពង្រឹងតួនាទីរបស់ព្រះពុទ្ធសាសនា ជាចំណែកជួយពង្រឹងសីលធម៌រស់នៅរបស់មនុស្ស៕