(តាកែវ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅស្រុកបាទី។
ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណសហគមន៍ទន្លេបាទី ដោយមានការចូលរួមសហការរវាង ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន, ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ជាប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកបាទី។
កម្មវិធីនេះក៏មានវត្តមានរបស់ព្រះសិរីរក្ខិតញាណ វណ្ណៈ សុធីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃកម្ពុជា ព្រះធម្មធរអនុគុណស្រុកបាទី ព្រមទាំង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោក លោកស្រី តំណាងអាជ្ញាធរដែនដី សមាជិកក្រុមការងារទាំងអស់ ព្រមទាំងប្រជាពលរដ្ឋជាង២០០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គី តិច បានលើកឡើងថា ការចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ដោយឥតគិតថ្លៃ ក្នុងស្រុកបាទី ខេត្តតាកែវ នាពេលនេះ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី គី តិច បានអះអាងថា ការចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកដោយឥតគិតថ្លៃនេះ ក៏ស្ដែងពីការគិតគូយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារចុះមូលដ្ឋាន ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដែលបានចូលរួមសហការចុះមកពិនិត្យ ព្យាបាលជូនពលរដ្ឋដោយមិនគិតថ្លៃ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារទាំងអស់ដែលសហការគ្នាសម្របសម្រួលរៀបចំបានយ៉ាងល្អ៕