(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែកចំនួន១ខ្សែ ប្រវែង៤,៦០០ម៉ែត្រ អគារទីចាត់ការ និងបណ្ណាល័យ១ខ្នង ស្មើ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន សខេង ស្ថិតក្នុងបរិវេណវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជិត២០០០នាក់។
អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ថ្ងៃនេះពិតជាមានក្តីសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង និងអគារទីចាត់ការ និងបណ្ណាល័យ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានផ្លូវបេតុងប្រវែង ៤,៦០០ម៉ែត្រ ចំណាយថវិកា៥៨៤.៣៦៦ដុល្លារ និងអគារទីចាត់ការ និងបណ្ណាល័យចំនួន ១ខ្នង ស្មើនិង២បន្ទប់ ចំណាយថវិកាសរុប៣៥.៣៩៤ដុល្លារ និងសរុបថវិកាទាំងអស់ចំនួន ៦១៩.៧៦០ដុល្លារ។
អភិសន្តិបណ្ឌិត បានបន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ ជាពិសេសការកែទម្រង់រាជរដ្ឋាភិបាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ដោយផ្តោតយកកត្តាធនធានមនុស្សជាអាទិភាព ជាគន្លឹះក្នុងការអភិវឌ្ឍន៍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរលោក ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង និងលោកស្រី, លោក ងិន បាណាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបាភ្នំ លោកស្រីព្រមទាំងសហការរីក្រោមឱវាទ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសនៅស្រុកបាភ្នំ ខេត្តព្រៃវែង៕