ដំណាំស្រូវកសិករជាង១៦០ហិកតានៅក្រុងច្បារមន និងស្រុកសំរោងទង ត្រូវមន្ត្រីកសិកម្ម និងធនធានទឹក បូមទឹកបញ្ជូនទៅជួយសង្គ្រោះ

Posted By: RoogRog Robot | 23-Nov-2024 15:30:26

2024-11-23 03:26pm

(កំពង់ស្ពឺ)៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងឃុំសង្កាត់ចំនួន២ នៃខេត្តកំពង់ស្ពឺ ដែលកំពុងប្រឈមនឹងកង្វះទឹក ពេលនេះមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក បាននិងកំពុងបូមទឹករុញទៅតាមស្រែ និងប្រឡាយរងដើម្បីជួយ សង្គ្រោះហើយ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ដំណាំស្រូវពូជធ្ងន់របស់ប្រជាកសិករជាង១៦០ហិកតា ស្ថិតនៅក្នុងសង្កាត់កណ្តោលដុំ នៃក្រុងច្បារមន និងឃុំតាំងក្រូច ស្រុកសំរោងទង បានជួបបញ្ហាខ្វះទឹកពេលដែលកំពុងចេញផ្លែ និងដាក់គ្រាប់ (កួរ) តែប្រឈមការខ្វះទឹក។

ខណៈដែលស្រូវកំពុងចេញផ្លែហើយជួបបញ្ហាខ្វះទឹក ស្រូវអាចប្រឈម និងស្កកមិនទទួលផលទេ ដូច្នេះទាមទារឱ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ម្ចាស់ស្រែត្រូវតែបូម និងបញ្ចូលទឹកទៅក្នុងស្រែឱ្យបានទាន់ពេលវេលា និងគ្រប់គ្រាន់ដើម្បីឱ្យស្រូវអាចដាក់គ្រាប់ និងទុំនៅក្នុងកំឡុងសប្តាហ៍ទី២ នៃខែធ្នូខាងមុខ។

លោក យឹម ណន បានបញ្ជាក់បន្ថែមថា ដោយស្ថានភាពចាំបាច់នេះមន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្ម បានការសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម បានពន្លឿនការបូមទឹក និងច្រានទឹកឱ្យទៅដល់ស្រែរបស់បងប្អូន កសិករដែលកំពុងប្រឈម ធ្វើយ៉ាងណាសង្គ្រោះស្រូវដែលប្រឈមទាំងនោះឱ្យផុតពីការខូចខាត (ស្កក) ឲ្យបាន១០០%។

លោកថា ទន្ទឹមនិងការជួយសង្គ្រោះនេះ ក៏ទាមទារឱ្យមានការចូលរួមពីបងប្អូនជាម្ចាស់ស្រែផងដែរ គឺបើកភ្លឺឱ្យទឹកហូរចូល និងជួយបូមទឹកពីប្រឡាយរងបញ្ចូលទៅតាមស្រែរៀងៗខ្លួនឱ្យបានគ្រប់គ្រាន់ព្រោះថានៅបាំងតែមួយសប្តាហ៍ ទៀតប៉ុណ្ណោះគឺលែងមានបញ្ហាហើយ ប៉ុន្តែក៏សូមឱ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងរក្សាទឹកទុកសន្សំសំចៃឱ្យបានខ្ពស់ដើម្បីឱ្យទឹកអាចផ្គត់ផ្គង់ដល់ស្រូវរហូតដល់ថ្ងៃច្រូតកាត់៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...