លោករដ្ឋមន្ត្រី ថោ ជេដ្ឋា៖ នាំយកម៉ូតូចំនួន១២គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់សិស្សនិទ្ទេស A នៅទូទាំងស្រុកស្ទោង

Posted By: RoogRog Robot | 23-Nov-2024 15:25:12

2024-11-23 03:19pm

(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកម៉ូតូចំនួន ១២គ្រឿងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេស A ចំនួន១២នាក់ នៅទូទាំងស្រុកស្ទោង។

នៅក្នុងពិធីដ៏អធិកអធមនេះមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក យុវជនស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៨១៨នាក់ចូលរួមផងដែរ។

នៅក្នុងឱកាសនោះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ដែលខិតខំបង្រៀន និងប្រឹងប្រែងរៀនសូត្រ រយៈពេល១២ឆ្នាំ រហូតទទួលបានជោគជ័យនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសិស្សនិទ្ទេស A ទាំង១២នាក់ ក្នុងស្រុកស្ទោង នាសម័យប្រឡងកាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅស្របតាមពាក្យស្លោក <<អ្នកចេះ គឺ ជាប់>> ។

លោករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបញ្ជាក់ថា៖ <<លទ្ធផលនៃការសិក្សារបស់ក្មួយៗនៅពេលនេះ គឺកើតឡើងដោយសារកត្តាប្រទេសមានសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗដោយផ្ទាល់ ហើយនៅជំហានបន្ទាប់នេះ ក្មួយៗនឹងត្រូវសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបានចំណេះជំនាញជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ>>។

ជាចុងក្រោយ លោករដ្ឋមន្ត្រី និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកស្ទោង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងចូលរួមប្រព្រឹត្តអំពើល្អ មានសុជីវធម៌ សីលធម៌ និងគុណធម៌ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល និងត្រូវចងចាំជានិច្ចថា បើស្រឡាញ់ខ្លួន ស្រឡាញ់ក្រុមគ្រួសារឪពុកម្តាយ ហើយចង់មានអនាគតរុងរឿង គឺត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងជៀសវាងការប្រព្រឹត្តនូវអំពើអបាយមុខនានា។

ជាមួយគ្នានេះរដ្ឋមន្ត្រីប្រធានក្រុមការងារ បានប្រគល់ជូនសិស្សជ័យលាភីនិទ្ទេស A ចំនួន១២នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សិស្សានុសិស្សចំនួន៦០០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន៥៤នាក់ ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល និងវិទ្យាល័យរស្មីសោភណ្ឌ, វិទ្យាល័យហ៊ុនសែនចំណាលើ, វិទ្យាល័យជាស៊ីមប្រឡាយ, វិទ្យាល័យហ៊ុនសែនរុងរឿង ដែលវិទ្យាល័យនីមួយៗទទួលបានថវិកាចំនួន២លានរៀល។

សូមបញ្ជាក់ថា នៅក្នុងស្រុកស្ទោងមានវិទ្យាល័យចំនួន៤ គឺវិទ្យាល័យរស្មីសោភណ្ឌ, វិទ្យាល័យជាស៊ីម ប្រឡាយ, វិទ្យាល័យហ៊ុនសែនរុងរឿង និងវិទ្យាល័យហ៊ុនសែនចំណាលើ មានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ សរុបចំនួន៦៨៣នាក់ ហើយជាលទ្ធផលសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសរុប៦១១នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេសA ចំនួន១២នាក់ មកពីវិទ្យាល័យរស្មីសោភណ្ឌចំនួន១១នាក់ និងវិទ្យាល័យហ៊ុនសែនចំណាលើ ចំនួន១នាក់៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...