កម្ពុជាប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»

Posted By: RoogRog Robot | 23-Nov-2024 15:25:12

2024-11-23 03:19pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ <<ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព>>។

ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ឹម វុទ្ឋា អភិបាលរងខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអគ្គនាយក អគ្គនាយករងប្រធាននាយកដ្ឋានប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ តំណាងក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងសិស្សានុសិស្ស ជាង៥០០នាក់។

ក្នុងឱកាសនោះដែរ លោក ស៊ឹម វុទ្ឋា បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត លោកសង្ឃឹមយ៉ាងមុតមាំថាស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ និងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន, តាមទីសាធារណៈ, វត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត មណ្ឌលទសចរណ៍សហគមន៍ រដ្ឋបាលឃុំ សង្កាត់ជាដើម..។ល។ ដោយទុកដាក់សំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើរុក្ខជាតិផ្កាលម្អ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ភាពស្រស់បំព្រង ស្របតាមប្រធានបទ <<មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង>>។

លោក ស៊ឹម យ៉ារ៉ែន បានឱ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោកបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានខិតខំលើកកម្ពស់ ប្រសិទ្ធភាពការងាររបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើបប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់ និង គោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូ កាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ជាពិសេស វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន អនុលោមភាព ទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋាននានារបស់កម្ពុជា សំដៅរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព និងដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យក្លាយទៅជាឧត្តម ប្រយោជន៍បម្រើជូនប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ជាក់ស្តែង យុទ្ធសាស្រ្តទី១ ភាពស្អាតនៃយុទ្ឋសាស្រ្តចក្រាដែលកំពុងទទួលបានជោគជ័យទូទាំងប្រទេសរួមមាន៖ ចំណុចទី១ ផ្កោតលើ (ស្អាតលើដី-ក្នុងទឹក-និងលើមេឃ)។ ស្អាតលើដី ផ្តើមចេញពីយុទ្ធនាការ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន តាមរយៈយុទ្ធនាការ <<ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ>> និង <<កម្ពុជាស្អាត ខ្មែរធ្វើបាន>>។

ជាលទ្ធផលគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ យុទ្ធនាការ <<ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ>>មានសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចូលរួមប្រមាណ ៩លាន ៧សែននាក់ និងយុទ្ធនាការ<<កម្ពុជាស្អាត ខ្មែរធ្វើបាន>> មានអ្នកចូលរួមចំនួនជាង៣លាន ៦សែននាក់។ជាពិសេសក្រសួងបរិស្ថាន បាននិងកំពុងចែកជូនធុងសំរាម ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន និងក្នុងគោលបំណងសម្រេចបានផែនការសកម្មភាពជាយុទ្ធសាស្រ្ត <<កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥>>។

ក្រៅពីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ ភាពស្អាតក្នុងទឹក ដោយបានកំពុងធ្វើទំនើបកម្ម ការតាមដាន និងត្រួតពិនិត្យ ការបំពុលបរិស្ថាន ពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន ឬរោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ដែលមានហានិភ័យខ្ពស់ ចូលប្រភពទឹកតាមរយៈការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅត្រង់ចំណុចបញ្ចេញសំណល់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូន ទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិផងដែរ។



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...