(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អមដោយក្រុមការងារ គ្រប់ថ្នាក់អញ្ជើញសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋានសាលារៀន ចុង វ៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជូនចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់។
ក្នុងឱកាសនោះលោក កែ គឹមយ៉ាន ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអគ្គមគ្គុទេសន៍វ័យក្មេងដ៍ឆ្នើម និងពោរពេញដោយសមត្ថភាពបានយកចិត្តទុកដាក់ទៅលើវិស័យ អាទិភាពគន្លឹះទាំង៥ គឺ <<មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា>> ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យអប់រំត្រូវបានចាត់ទុកជាជាវិស័យសំខាន់មួយបណ្តុះនូវមូលធនបញ្ញា ចំណេះដឹង ជំនាញ សមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ ក្នុងយុគ្គសម័យ <<បដិវត្តន៍ឧស្សាហកម្មទី៤>> ក្នុងការអភិវឌ្ឍប្រទេសជាតិស្របតាមតម្រូវការសង្គមជាតិ និងការវិវត្តន៍របស់សកលលោក។
ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមខ្មែរ-ចិន គណៈកម្មការ លោកគ្រូ អ្នកគ្រូ បុគ្គលិកសាលារៀន ចុង វ៉ា និងសប្បុរសជនទាំងអស់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រទេសជាតិ នៅក្នុងដំណើរការបេសកកម្មរបស់សាលា និងសមាគមកន្លងមកនេះ។
ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានសំណូមពរដល់គ្រប់សមាសភាពទាំងអស់បន្តគាំទ្រ និងចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ សាសនា បន្តជួយគាំទ្រដល់កុមារសិស្ស និងនិស្សិតក្រីក្រដែលគ្មានលទ្ធភាពសិក្សាបានបន្តការសិក្សាទៅតាមបំណងប្រាថ្នារបស់ពួកគេ ជួយគាំទ្រដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងបំផុសចលនាយុវជនចូលរួមលេងកីឡាចាកឲ្យឆ្ងាយ ពីអបាយមុខ គ្រឿងស្រវឹងគ្រឿងញៀន ដែលបំផ្លាញដល់សុខភាពបន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីអនាគតកូនចៅយើង និងសូមអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ សូមប្រញាប់ប្រញាល់រួសរាន់ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីចិញ្ចឹមជីវិត។
ជាមួយគ្នានេះ សមាគមខ្មែរ-ចិនបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស សូមមកលេង និងចូលរួមគ្នាជួយអភិវឌ្ឍន៍ប្រទេសយើងជាមួយរាជរដ្ឋាភិបាល ឲ្យបានរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ លោកសូមជួយផ្សព្វផ្សាយ កៀរគរ ភ្ញៀវទេសចរណ៍ឲ្យមកលេងប្រទេសកម្ពុជា។
លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាលា ចុង វ៉ា មានជាសារុង ថវិកា សម្ភារសិក្សា និងសម្ភារការិយាល័យ៕