(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ១០០០នាក់ និងមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ១០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ដោយឡែក ការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ នឹងរៀបចំនៅថ្ងៃទី២៤ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ការប្រឡងប្រជែងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧នាក់។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន ១០៩នាក់។
ជាមួយគ្នានេះ សម្រាប់ការប្រឡងទាំងនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំតាក់តែងវិញ្ញាសាភ្លាមៗ នៅក្នុងថ្ងៃប្រឡងនីមួយៗ សំដៅធ្វើយ៉ាងណាធានាមិនឱ្យមានការ បែកធ្លាយវិញ្ញាសា។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន១៨០រូប សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យចំនួន១០ ស្ថាប័ន តំណាងមហាជន ១០នាក់មួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើ គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕