(កៀវ)៖ កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងតែធ្វើការលើកិច្ចប្រឹងប្រែងអភិវឌ្ឍ ប្រព័ន្ធការពារដែនអាកាសប្រភេទថ្មី ដើម្បីទប់ទល់ហានិភ័យថ្មីៗ បន្ទាប់ពីរុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់ មីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេងស៊េរីថ្មី ក្នុងសង្រ្គាមដែលអូសបន្លាយពេល ៣៣ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានលើកឡើងថា ការធ្វើតេស្តសព្វាវុធថ្មី ក្នុងគោលបំណងបំភិតបំភ័យប្រទេសដទៃ គឺជាឧក្រិដ្ឋកម្មអន្តរជាតិ ហើយលោកបានអំពាវនាវជាថ្មី ឱ្យមានការឆ្លើយតបធ្ងន់ៗ និងប្រាកដប្រជាពីសំណាក់អន្តរជាតិ ដើម្បីរារាំងកុំឱ្យរុស្ស៉ីពង្រីកសង្រ្គាមបន្ថែមទៀត។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា <<ជំនួសមុខឱ្យរូបខ្ញុំ ក្រសួងការពារជាតិអ៊ុយក្រែន កំពុងជួបពិភាក្សារួចស្រេច ជាមួយបណ្តាដៃគូរបស់យើង ស្តីពីការអភិវឌ្ឍប្រព័ន្ធការពារអាកាសថ្មី ដែលមានសមត្ថភាពការពារអាយុជីវិត ពីហានិភ័យថ្មីៗ។ នៅពេលដែលបុគ្គលម្នាក់ ចាប់ផ្តើមប្រើប្រាស់ប្រទេសដទៃ សម្រាប់ការធ្វើតេស្តមីស៉ីលថ្មីៗរបស់ខ្លួន ក្នុងបំណងបំភិតបំភ័យ វាច្បាស់ណាស់គឺជាឧក្រិដ្ឋកម្មអន្តរជាតិ។
ជាចុយក្រោយ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ពិភពលោកចាំបាច់ត្រូវតែរួមគ្នា បង្កើតការឆ្លើយតបដែលមានទម្ងន់ហើយប្រាកដប្រជាមួយ ដើម្បីអាចធ្វើឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កោតខ្លាចពិតប្រាកដ ហើយមិនហ៊ានពង្រីកសង្រ្គាមទៀត ព្រោះដឹងថា លោកនឹងត្រូវប្រឈមមុខជាមួយផលវិបាកជាក់ស្តែង នៃសកម្មភាពរបស់ខ្លួន៕