(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំបូរ ខេត្តក្រចេះ មានលោក ង៉ូវ ប៊ុនរិទ្ធ ជាប្រធាន បានឧបត្ថម្ភទូកងមកពីស្រុកសំបូរនូវថវិកាចំនួន៤លានរៀល និងភេសជ្ជៈ៤០កេស សម្រាប់គណៈកម្មការទូកចំណាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកក្នុងរាជធានីភ្នំពេញ។
ថវិកា និងភេសជ្ជៈ ត្រូវបានលោក គិម ហុង និងលោក ហាក់ សុខហេង តំណាងលោក ង៉ូវ ប៊ុនរិទ្ធ ប្រធានក្រុមការងារចុះជួយស្រុកសំបូរ ខេត្តក្រចេះ យកទៅប្រគេន និងប្រគល់ជូនព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ និងលោក រិទ្ធិ ព្រលឹង អភិបាលរងស្រុកសំបូរ នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានឱ្យដឹងថា ទូកងមកពីស្រុកសំបូរនៅឆ្នាំនេះមានចំនួនពីរទូក គឺទូកខ្នាតវែងចំណុះ៧៧នាក់មួយទូក និងទូកខ្នាតខ្លីចំណុះ២២នាក់មួយទូក។ បើតាមព្រះតេជគុណ អេង ផល្លា ការចំណាយផ្សេងៗក្នុងព្រះរាជពិធីនេះ សម្រាប់ទូកទាំងពីរនេះ ប្រហែលជា ៦០លានរៀល។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានឱ្យដឹងថា ក្រៅពីការឧបត្ថម្ភខាងលើនេះ គណៈកម្មការទូកក៏ទទួលបានការឧបត្ថម្ភពីលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះផងដែរ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា និងលោក រិទ្ធិ ព្រលឹង បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក នេត ភក្ត្រា លោក វ៉ា ថន លោក ង៉ូវ ប៊ុនរិទ្ធ និងក្រុមការងារទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ទូកងមកពីស្រុកសំបូរ ឱ្យមានលទ្ធភាពចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកនៅក្នុងឆ្នាំនេះ៕