ពលរដ្ឋនៅឃុំស្រង់ ស្រុកគងពិសី ប្ដឹងសុំអភិបាលខេត្តកំពង់ស្ពឺ លុបពាក្យ «មិនបានសម្រុះសម្រួល» ចេញពីឯកសារបិទប្រកាសក្បាលដី ដើម្បីធ្វើប្លង់រឹង

Posted By: RoogRog Robot | 05-Nov-2024 15:47:56

2024-11-05 03:41pm

(កំពង់ស្ពឺ)៖ ពលរដ្ឋពីរនាក់ប្ដីប្រពន្ធរស់នៅភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី បានដាក់បណ្ដឹងចូលសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសុំឲ្យលោកអភិបាលខេត្តលុបពាក្យ <<មិនបានសម្រុះសម្រួល>> ចេញពីឯកសារបិទប្រកាសក្បាលដីរបស់មន្ត្រីសុរិយោដី ដើម្បីបើកផ្លូវឲ្យពួកគាត់មានសិទ្ធិចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមនីតិវិធី។

លោក គល់ ដារ៉ា និងប្រពន្ធឈ្មោះ បាវ វី បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ពួកគាត់បាន ចូលរួមវាស់វែងដីទំហំ ៣,៩៨៥ម៉ែត្រការ៉េ ដែលកម្មសិទ្ធិរបស់ខ្លួនដើម្បីចុះបញ្ជីធ្វើប្លង់រឹងជាប្រព័ន្ធ ជាមួយមន្ត្រីសុរិយោដី។

នៅពេលនោះគឺគ្នានបុគ្គលណាចេញមុខជំនាស់ ឬមានបណ្ដឹងជំនាស់ឡើយ ហើយមេភូមិដូនតី ក៏បានចេញលិខិតស្នាម ដើម្បីបំពេញបែបបទជូនពួកគាត់តាមនីតិវិធី។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក គល់ ដារ៉ា និងប្រពន្ធ បានយកឯកសារទៅជួបលោកមេឃុំស្រង់ ដើម្បីចុះហត្ថលេខា ប៉ុន្តែលោកមេឃុំមិនព្រម។

លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ មានការបិទផ្សាយក្បាលដីជាសាធារណៈ នៅភូមិដូនតី ស្រាប់តែក្បាលដីលេខ១៤២ របស់ពួកគាត់ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា <<មិនបានសម្រុះសម្រួល>> ប៉ុន្តែមិនមានជនណាម្នាក់ប្ដឹង ជំទាស់នោះទេ។

ជុំវិញករណីនេះ អ្នកសារព័ត៌មាន នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកមេឃុំស្រង់ បាននៅឡើយទេនៅថ្ងៃនេះ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...