បោះឆ្នោតប្រធានាធិបតីអាមេរិក៖ តើពេលណា ទើបគេអាចដឹងថានរណាជាអ្នកឈ្នះ?

Posted By: RoogRog Robot | 05-Nov-2024 15:42:42

2024-11-05 03:40pm

(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកនឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីរវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីអាមេរិកបានអំពាវនាវឱ្យមានការអត់ធ្មត់ ខណៈការប្រជែងរវាងលោក ត្រាំ និងលោកស្រី ហារីស មានភាពប្រកិតប្រកៀកគ្នាពិបាកព្យាករអ្នកឈ្នះ-ចាញ់ ដែលនេះអាចនឹងត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីដឹងលទ្ធផលថាតើនរណាជាអ្នកឈ្នះ?

សហរដ្ឋអាមេរិកប្រើប្រាស់ប្រព័ន្ធបោះឆ្នោត Electoral College ឬអង្គបោះឆ្នោត។ តាមរយៈប្រព័ន្ធបោះឆ្នោតនេះប្រជាជនអាមេរិកមិនមែនជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ផ្ទុយទៅវិញ គឺអង្គបោះឆ្នោតទាំង៥៣៨រូប ដែលមានសិទ្ធិជ្រើសរើសប្រធានាធិបតី ហើយដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីទៀតសោត លោក ត្រាំ ឬលោកស្រី ហារីស ត្រូវបានប្រមូលឱ្យបានអង្គបោះឆ្នោត យ៉ាងហោច ២៧០រូប។ ក្រុមអ្នកជំនាញបានព្រមានពីលទ្ធភាពដែលការរាប់សន្លឹកឆ្នោតអាចនឹងត្រូវបានពន្យារពេល ដោយសារតែភាពស្មុគស្មាញបង្កឡើងពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោត ចំពោះមុខការព្រួយបារម្ភថាលោក ត្រាំ អាចនឹងប្រកាសពីជ័យជម្នះ ក្នុងពេលដែលការរាប់សន្លឹកឆ្នោតមិនទាន់បានបញ្ចប់ដូចកាលពីការបោះឆ្នោតកាលពីឆ្នាំ២០២០។

គិតត្រឹមព្រឹកថ្ងៃអង្គារ មានប្រជាជនអាមេរិកប្រហែលជា ៨១លាននាក់ហើយ បោះឆ្នោតរួចជាស្រេចមុនកំណត់។

* តើត្រូវចំណាយពេលយូរប៉ុនណា ដើម្បីរាប់សន្លឹកឆ្នោត?

ការិយាល័យបោះឆ្នោតភាគច្រើននឹងត្រូវបិទទ្វារនៅម៉ោង ៦ល្ងាច (ម៉ោងនៅសហរដ្ឋអាមេរិក)។ ក៏ប៉ុន្តែ ក្នុងករណីការប្រកួតប្រជែងរវាងលោក ត្រាំ និងលោកស្រី តួយ៉ាងដូចជានៅតាមរដ្ឋ swing statesដូចជារដ្ឋ Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin មានសំឡេងស្មើគ្នា នោះវាអាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ មុននឹងអ្នកឈ្នះត្រូវបានប្រកាស។ កាលពីឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានប្រកាសថាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន គឺជាអ្នកទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែវិច្ឆិកា បើទោះជាការិយាល័យ បោះឆ្នោតបានបិទទ្វារកាលពីជាង៤ថ្ងៃ មុនការប្រកាសនេះក៏ដោយ។ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ និងឆ្នាំ២០១២ គឺគេអាចដឹងលទ្ធផលភ្លាមៗក្រោយថ្ងៃបោះឆ្នោត។

បន្ទាប់ពីការបោះឆ្នោតបិទបញ្ចប់ មន្ត្រីបោះឆ្នោតប្រចាំតំបន់ដែលត្រូវបានតែងតាំង ឬជាប់ឆ្នោត នឹងដំណើរការនីតិវិធី ឬវិធីសាស្ត្ររាប់សន្លឹកឆ្នោត ហើយរដ្ឋនីមួយៗគឺមានដំណើរការ ឬវិធីសាស្ត្ររាប់សន្លឹកឆ្នោត រៀងៗខ្លួន។ រដ្ឋជាច្រើនបានកែប្រែច្បាប់បោះឆ្នោត ដើម្បីអនុញ្ញាតឱ្យការបោះឆ្នោតតាមប្រៃសនីយ៍ ឬការបោះឆ្នោតនៅក្រៅប្រទេស ត្រូវបានរាប់នៅមុនថ្ងៃបោះឆ្នោត លើកលែងរដ្ឋ Pennsylvania និង Wisconsin ដែលមិនបានផ្លាស់ប្ដូរដូចគ្នានេះទេ។

* តើនរណាជាអ្នកបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោត?

ជាទម្លាប់ ជាជាងការរង់ចាំការប្រកាសអ្នកឈ្នះដោយក្រុមមន្ត្រីបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយអាមេរិកតែងតែប្រកាសពីអ្នកឈ្នះ ទៅតាមសំឡេងឆ្នោតដែលពួកគេបានឃើញផ្ទាល់ភ្នែក។ ប៉ុន្តែនេះមិនមែនជា នីវិតិធីផ្លូវការក្នុងការបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ហើយលទ្ធផលបោះឆ្នោតនៅតែត្រូវឆ្លងកាត់ការបញ្ជាក់ទទួលស្គាល់នៅកម្រិតថ្នាក់រដ្ឋ។ រដ្ឋនីមួយៗ មានពេលវេលារហូតដល់ថ្ងៃទី១១ ខែធ្នូ ដើម្បីបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោត និងតែងតាំងអង្គបោះឆ្នោតរៀងៗខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី។ នៅថ្ងៃទី២៥ ខែធ្នូ វិញ្ញាបនប័ត្របញ្ជាក់ពីចំនួនអង្គបោះឆ្នោត នៃរដ្ឋនីមួយៗ ដែលបេក្ខជនប្រធានាធិបតីទទួលបាននឹងត្រូវបញ្ជូនទៅកាន់ប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នគឺអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស។​ រហូតដល់ថ្ងៃទី៦ ខែមករា សភាទាំង២របស់ សហរដ្ឋអាមេរិក នឹងរាប់ចំនួនអង្គបោះឆ្នោតឡើងវិញ ហើយប្រកាសទទួលស្គាល់លទ្ធផលផ្លូវការ ឬអ្នកឈ្នះ។ រីឯប្រធានាធិបតីថ្មីនឹងត្រូវស្បថចូលកាន់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

*​តើមានកត្តាអ្វីដែលអាចធ្វើឱ្យមានការពន្យារពេល?

ការចេញវិញ្ញាបនប័ត្របញ្ជាក់គឺជាការទទួលស្គាល់លទ្ធផលផ្លូវការ។ ប៉ុន្តែ ក្រុមអ្នកជំនាញបានព្រមានពីការកើនឡើងហានិភ័យនៃឧបសគ្គដែលអាចកើតឡើង។ កាលពីឆ្នាំ២០២២ មានមន្ត្រីបោះឆ្នោតនៅតាម មណ្ឌលបោះឆ្នោតចំនួន២២ បានពន្យារពេលការចេញវិញ្ញាបនប័ត្របញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅតាមរដ្ឋ swing states មួយចំនួន។ ដោយឡែក បើតាមអង្គការ Citizens for Responsibility and Ethics មានមន្ត្រីបោះឆ្នោតយ៉ាងហោច ៣៥រូបបានបដិសេធបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយមន្ត្រីទាំងនេះអាចនឹងធ្វើបែបនេះម្ដងទៀតក៏ថាបានក្នុងការបោះឆ្នោតឆ្នាំ២០២៤នេះ។

អង្គការនេះក៏បានព្រមានដែរថាការបង្កឧបសគ្គដោយជោគជ័យ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កាលបរិច្ឆេទផុតកំណត់នៃការបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់រដ្ឋ និងសហព័ន្ធ។

គួរបញ្ជាក់ថា កន្លងមក នីតិវិធីបញ្ជាក់ទទួលស្គាល់លទ្ធផលបោះឆ្នោតបានស្ថិតនៅក្រោមការស៊ើបអង្កេត និងត្រូវបានគេមើលឃើញថាមានលក្ខណៈនយោបាយ ជាពិសេសដោយសារតែលោក ត្រាំ បានបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបរាជ័យក្រោមថ្វីដៃរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...