កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការដាំដើមឈើ ១ពាន់ដើម ក្នុងតំបន់រមណីយដ្ឋានអង្គរ តាមបណ្តោយវិថីព្រះនរោត្តម សហមុនី ដើមី្បអបអរសាទរខួបលើកទី៧២ បុណ្យរុក្ខទិវា ៩កក្កដា ២០២៤

Posted By: RoogRog Robot | 07-Jul-2024 16:21:15

2024-07-07 04:15pm

(សៀមរាប)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការដាំកូនឈើ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លើផ្ទៃដីជិតមួយហិកតា នៅតាមបណ្តោយវិថីព្រះនរោត្តម សហមុនី ដើមី្បអបអរសាទរខួបលើកទី៧២ បុណ្យរុក្ខទិវា ៩កក្កដា ២០២៤ ក្រោមប្រធានបទ <<ព្រៃឈើ ដើមី្បប្រជាជន និងការអភិវឌ្ឍដោយចីរភាព>> ក្នុងនោះ មាដើមឈើចម្រុះ ១ពាន់ដើម មានដូចជា៖ កូនគគីរ, ឈើទាល, បេង, ក្រញូង, ត្រសេក, ច្រេស,ធ្លង់ និងរំដួលផងដែរ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា និងលោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីលោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ ទីប្រឹក្សាយុទ្ធ នៃសាខាកាកបាទក្រហមកម្ពុជា មកពីខេត្តចំនួន៦ ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សា ២៣ ក្នុងរាជធានីភ្នំពេញផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានលើកឡើងថា ដើមឈើគឺជាអាយុជីវិតរបស់មនុស្សជាតិ និងសត្វ។ ម៉្យាងទៀត ការដាំដើមឈើពេលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញឱ្យមានពណ៌បៃតង ដេីម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ។

លោកស្រីបានបន្តថា ដើមឈើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័ន កាបូនិចពីបរិយាកាស និងសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ ពីព្រោះថា ព្រៃឈើជាអាយុជីវិតនៃយើងគ្រប់ៗគ្នា។

លោក ពិត ចំណាន បានពាំនាំនូវសេចក្តីនឹករលឹក ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា និងអស់លោក លោកស្រី នៅក្នុងពិធីដ៏មានអត្ថន័យ នៅក្នុងយុទ្ធនាការដាំដើមឈើ ចំនួន១ពាន់ដើម ដើមី្បអបអរសាទរខួបលើកទី៧២ បុណ្យរុក្ខទិវា ៩កក្កដា ២០២៤ ក្រោមប្រធានបទ (ព្រៃឈើដើមី្បប្រជាជន និងការអភិវឌ្ឍដោយចីរភាព) ដោយបញ្ជាក់ពីក្តីស្រឡាញ់ ឆន្ទះ និង ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួម ថែរក្សាបរិស្ថានព្រៃឈើ ឱ្យបានគង់វង្ស និងសុខុមាលភាពរបស់មនុស្សជាតិ។

លោកបន្តថា យុទ្ធនាការនេះ មិនមែនជាលើកទី១នោះឡើយ កាកបាទក្រហមកម្ពុជា និងសាខាបានដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះ៖ មានសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា លើផ្ទៃដីទំហំ ៣ហិកតា មានដើមឈើ ២ពាន់៤៦០ដើម ដែលសាខាខេត្តសៀមរាប បានធ្វើការថែរក្សាឧទ្យាននេះ ដែលជាគម្រកធម្មជាតិ ក្នុងការពារបរិស្ថានតំបន់អង្គរ។

លោក ពិត ចំណាន បានបន្ថែមថា សួនឧទ្យាននេះ ត្រូវបានសម្ភោធជាផ្លូវការ និងដាំឈើ ២ពាន់ដើម ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ១៩៩៩ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ យុទ្ធនាការដាំដើមឈើ ១ដើម នឹងរួមចំណែក ជាគម្រកធម្មជាតិ និងជាផ្នែកមួយការពារបរិស្ថានតំបន់អង្គរបន្ថែមទៀត។

លោក ពិត ចំណាន បានបញ្ជាក់ថា យើងមិនអាចដោះស្រាយវិបត្តិ ដោយម្នាក់ឯងឡើយ គឺត្រូវមានសមត្ថភាព ក្នុងការការពារអាយុជីវិតរបស់ខ្លួន និងសិទ្ធរបស់មនុស្សនាពេលបច្ចុប្បន្ន និងអនាគត ដោយធ្វើការប្តេជ្ញាចិត្ត ដើមី្បកាត់បន្ថយការបំភាយឧស្ម័ន បញ្ឈប់ការសឹករិករិល បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងការសម្របខ្លួននឹងការកើនឡើងហានិភ័យផ្សេងៗ។

លោកបានបញ្ជាក់ថា ថ្ងៃនេះយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្តាខេត្តមកចូលរួមគោរពនូវយុទ្ធនាការដាំដើមឈើ ត្រូវគោរពធ្វើពិធីដាំដើមឈើ ចំនួន១ពាន់ដើមនៅជារៀងរាល់ឆ្នាំ ដើមី្បធ្វើការអភិរក្ស និងគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព។ សំខាន់ការដាំដើមឈើ នៅតំបន់អង្គរនេះ ដើមី្បទ្រទ្រង់នូវសោភណ្ឌភាពបរិស្ថាននៃរមណីយដ្ឋានអង្គរ។

ជាមួយនេះដែរ លោកក៏បានផ្តល់នូវទូន្មានដល់សិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវមានគុណធម៌ សីលធម៌ និងមនុស្សធម៌ សម្រាប់ជួយដល់សង្គមជាតិ និងចូលរួមថែរក្សា អភរក្សសម្បត្តិធម្មជាតិផងដែរ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...