អភិបាលខណ្ឌច្បារអំពៅ ប្រជុំដាក់ទិសដៅឲ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងបង្ក្រាបក្មេងទំនើង

Posted By: RoogRog Robot | 25-Jun-2024 13:48:45

2024-06-25 01:45pm

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត! លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និងស្មៀនសង្កាត់ទាំង៨។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត៖

ទី១៖ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលុបបំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជាប្រចាំនៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំ។ ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

ទី២៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរថែមទៀត។ ចំណុចមួយទៀតពេល សិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរណ៍ នៅតាមសាលារៀនទាំងអស់ដើម្បី សុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ។

ទី៣៖ ត្រូវយកចិត្តទុកដាកក្នុងការប​ម្រើសេវាជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។ ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរី និងសំណង់ផ្ទះល្វែងឲ្យបានហ្មត់ចត់បំផុត។

ចុងបញ្ចប់ នៃកិច្ចប្រជុំលោកអភិបាលខណ្ឌ បានកោតសសើរដល់កងកម្លាំងទាំងអស់ របស់គណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ បានសហការគ្នាល្អ ក្នុងការការពារសន្តិសុខសណ្តាប់ សាធារណៈបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីសុខជូន ប្រជាពលរដ្ឋ ជាពិសេសគណៈបញ្ជាការឯកភាពសង្កាត់ខណ្ឌ ចាប់ពីពេលនេះតទៅ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ និងសកម្មភាពក្មេងទំនើង នៅក្នុងមូលដ្ឋាន៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...