សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរាជរដ្ឋាភិបាលទទួលបានជោគជ័យ អាស្រ័យលើសេនាធិការរឹងមាំ ច្បាស់លាស់ និងបុរេសកម្ម (Video inside)

Posted By: RoogRog Robot | 25-Jun-2024 12:12:28

2024-06-25 12:08pm

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា គោលនយោបាយក្នុងការកំណែទម្រង់របស់សម្ដេចលើវិស័យអប់រំអាចទទួលបានជោគជ័យ គឺអាស្រ័យលើសេនាធិការដែលមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្ដេចគ្រាន់តែជាអ្នកដាក់ចេញនូវចក្ខុវិស័យ និងទស្សនៈទានតែប៉ុណ្ណោះ ប៉ុន្ដែការអនុវត្ត រៀបចំគោលនយោបាយ ផែនការសកម្មភាព និងដឹកនាំជាក់ស្ដែង គឺស្ថិតនៅលើសេនាធិការច្បាស់លាស់ ពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាតែម្ដង។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា <<ខ្ញុំបានតែដាក់ចេញនូវចក្ខុវិស័យ និងទស្សនៈទាន ប៉ុន្ដែការអនុវត្ត និងការរៀបចំនូវគោលនយោបាយ និងផែនការសកម្មភាព ការដឹកនាំអនុវត្តជាក់ស្ដែង គឺតម្រូវឲ្យសេនាធិការច្បាស់លាស់ ហើយមកដល់ពេលនេះក្រសួងអប់រំ បានដើរតួនាទីសំខាន់ ហើយខ្ញុំជឿថាគោលនយោបាយរបស់ខ្ញុំអាចអនុវត្តទៅបានជោគជ័យ ព្រោះមានសេនាធិការរឹងមាំ ច្បាស់លាស់ និងប្រកបដោយកម្លាំងថាមពល ភាពច្នៃប្រឌិត ភាពបុរេសកម្ម>>។

ជាក់ស្ដែង ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ឲ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួន ជាពិសេសផ្នែកវិទ្យាសាស្ដ្រ។ សម្ដេចបន្ដថា បើទោះបីមិនទាន់មានលទ្ធភាព ក្នុងការអភិវឌ្ឍទៅផ្នែកពាណិជ្ជកម្មធំៗយ៉ាងណាក្ដី ប៉ុន្ដែក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិត បានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវការកែទម្រង់ស៉ីជម្រៅ សំដៅជំរុញការធានាបានមូលដ្ឋានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា៕


































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...