សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពអប់រំ ជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស (Video inside)

Posted By: RoogRog Robot | 24-Jun-2024 21:55:44

2024-06-25 11:48am

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គុណភាពអប់រំ គឺជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ។ គោលនយោបាយរបស់សម្តេច អាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា <<គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់គុណភាព និងសមត្ថភាពរបស់ប្រទេសយើង ក្នុងការអភិវឌ្ឍ ប្រកួតប្រជែង ប្រកបដោយចីរភាព។ ដូចគ្នានេះ គុណភាពនៃការអប់រំ បណ្តុះបណ្តាល គឺជាកត្តាគន្លឹះគុណភាពនៃធនធានមនុស្ស អីចឹងយើងអាចនិយាយថា គុណភាពនៃការបណ្តុះបណ្តល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានានៃការអភិវឌ្ឍ ប្រកួតប្រជែកប្រទេសជាតិរបស់យើង>>។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេសវិស័យបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងឲ្យមានពុទ្ធិជាមូលដ្ឋាន។ ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្ស ដែលមានមូលធនមនុស្ស និងមានចំណេះដឹងទូលំទូលាយ នៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សារព័ត៌មាន ទូរគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់សម្រាប់អនុវត្តការអភិវឌ្ឍរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងគាំទ្រចំពោះការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ប្រកបដោយភាពជោគជ័យ និងសូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកដល់ពេលនេះ សាកលវិទ្យាល័យចំនួន ១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល សមត្ថភាពមន្ត្រីពាក់ព័ន្ធ សម្រាប់ផលិតខ្លឹមសារ និងមាតិកានានា។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យដទៃទៀត ពិនិត្យលទ្ធភាពក្នុងបណ្តាញនេះដើម្បីជាប្រយោជន៍ដើម្បីសិក្សា និងការស្រាវជ្រាវ របស់សាស្ត្រាចារ្យ និងនិស្សិតរបស់យើង។ ជាមួយគ្នានេះ​ សម្តេចបានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូអភិវឌ្ឍ ដែលបានជួយជ្រោមជ្រែងដល់ការបង្កើត និងកិច្ចដំណើរការសាកលវិទ្យាល័យសាយប័រកម្ពុជា តាំងពីដំណាក់កាលដំបូង រហូតដល់ថ្ងៃសម្ពោធជាផ្លូវការនៅពេលនេះ និងពេលអនាគត៕


































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...