លោក Blinken​ បញ្ជាក់ពីផែនការក្រោយសង្រ្គាមហ្កាហ្សា និងការបន្ធូរបន្ថយភាពតានតឹងជាមួយក្រុម Hezbollah ប្រាប់រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល

Posted By: RoogRog Robot | 25-Jun-2024 11:37:58

2024-06-25 11:35am

(វ៉ាស៉ីនតោន)៖ នៅក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ទៅកាន់រដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant អំពីតម្រូវការឱ្យអ៉ីស្រាអែលរៀបចំផែនការក្រោយសង្រ្គាមដ៏រឹងមាំមួយ សម្រាប់តំបន់ហ្កាហ្សា និងធានាថាភាពតានតឹងជាមួយក្រុម Hezbollah មិនកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក នៅក្រោយជំនួប <<លោក Blinken បានធ្វើបច្ចុប្បន្នភាពប្រាប់ លោក Gallant ជុំវិញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្ត ដើម្បីជំរុញសន្តិសុខ អភិបាលកិច្ច និងការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយសង្រ្គាមបិទបញ្ចប់ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងារនោះ ចំពោះសន្តិសុខរបស់អ៉ីស្រាអែល>>។

សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា <<លោក Blinken ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងចៀសវាងភាពតានតឹងកាន់តែខ្លាំង និងឈានទៅរកដំណោះស្រាយការទូត ដែលអនុញ្ញាតឱ្យពលរដ្ឋអ៉ីស្រាអែល និងលីបង់ ដែលភៀសខ្លួន អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ>>។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន។ លោកបានជួបជំនួយការកំពូលៗរបស់ លោក បៃដិន ក៏ដូចជានាយក CIA លោក Bill Burns ហើយគ្រោងជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នៅថ្ងៃអង្គារនេះ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...