លោក Macron ព្រមានថាគោលនយោបាយស្ដាំ និងឆ្វេងនិយមជ្រុល អាចរុញបារាំងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល

Posted By: RoogRog Robot | 24-Jun-2024 21:16:00

2024-06-25 11:12am

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនាបានព្រមានថាគោលនយោបាយរបស់អ្នកនយោបាយស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុល អាចនឹងបង្កឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង ខណៈបារាំងកំពុងត្រៀមរៀបចំការបោះឆ្នោតសភាមុនអាណត្តិដ៏រកាំរកូសបំផុតមួយ ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នយោបាយក្នុងប្រទេសបារាំង បានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីលោក Macron បានរំលាយរដ្ឋសភា និងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយ គណបក្សកណ្ដាលនិយមរបស់លោក បរាជ័យក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល ក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុបកាលពីដើមខែមិថុនា។ ថ្លែងទៅកាន់កម្មវិធី podcast ក្រោម ប្រធានបទ <> លោក Macron មានអាយុ៤៦ឆ្នាំ បានថ្កោលទោសទាំងគណបក្សស្ដាំនិយមជ្រុល National Rally (RN) និងគណបក្សឆ្វេងនិយមជ្រុល ឡា ហ្រ្វង់ អាំងស៊ូមី (La France insoumise)។ ប្រធានាធិបតីបារាំងរូបនេះបានចោទប្រកាន់ថាក្រុមអ្នកស្ដាំនិយមជ្រុលកំពុងបំបែកបាក់ និងរុញច្រានប្រទេសឆ្ពោះទៅរក សង្រ្គាមស៊ីវិល ខណៈចោទដែរថាគណបក្ស La France insoumise មានចេតនាបង្កើតទម្រង់ដឹកនាំតាមបែបកុម្មុយនិស្ដ ដែលអាចនឹងបង្កទៅជាសង្រ្គាមស៊ីវិលដូចគ្នាដែរ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Macron កើតមានឡើង បន្ទាប់ពីការស្ទង់មតិមួយកាលពីចុងសប្ដាហ៍កន្លងទៅបង្ហាញថាគណបក្ស National Rally អាចនឹងទទួលបាន ជ័យជម្នះចន្លោះពី ៣៥ ដល់៣៦ភាគរយ ក្នុងការបោះឆ្នោតសភាជុំទី១ នៅថ្ងៃអាទិត្យចុងសប្ដាហ៍ខាងមុខនេះ ដោយនាំមុខគណបក្សសម្ព័ន្ធឆ្វេងនិយម ដែលត្រូវបានព្យាករថានឹង ទទួលបានសំឡេងគាំទ្រពី២៧ ដល់២៩.៥ភាគរយ ខណៈគណបក្សកណ្ដាលនិយមរបស់លោក Macron អាចទទួលបានសំឡេងគាំទ្រ ១៩.៥ភាគរយ ដល់ ២២ភាគរយ។

ការបោះឆ្នោតសភាបារាំងជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា នៅតាមមណ្ឌលបោះឆ្នោតណាដែលមិនមានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ក្នុងការបោះឆ្នោតជុំទី១៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...