អ៊ីរ៉ាក់ ស្នើសុំបញ្ចប់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិក្នុងប្រទេសរបស់ខ្លួន នៅចុងឆ្នាំ ២០២៥

Posted By: RoogRog Robot | 10-May-2024 22:28:47

2024-05-10 09:22pm

(ប៉ាដាដ)៖ អ៊ីរ៉ាក់បានស្នើសុំជាផ្លូវការ ឱ្យបញ្ចប់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣ នៅចុងបញ្ចប់ឆ្នាំ២០២៥ ដោយលើកឡើងថា ខ្លួនលែងត្រូវការទៀតហើយ ព្រោះអ៊ីរ៉ាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកស្ថិរភាព។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

បេសកកម្មរបស់អង្គការសហប្រជាជាតិមួយនេះ ត្រូវបានបង្កើតឡើងជាមួយនឹងអាណត្តិគ្រប់គ្រងយ៉ាងទូលាយ ដើម្បីជួយអភិវឌ្ឍស្ថាប័នអ៊ីរ៉ាក់ ការសម្របសម្រួលកិច្ចសន្ទនានយោបាយ និងដំណើរការបោះឆ្នោត និងការតស៊ូមតិសម្រាប់ការលើកកម្ពស់សិទ្ធិមនុស្សនៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បាននិយាយថា ខណៈពេលដែលអ៊ីរ៉ាក់ នៅតែមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗ ប៉ុន្តែការងារនយោបាយនៃបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ (UNAMI) លែងត្រូវការទៀតហើយ។ ការចូលរួមរបស់ប្រមុខ UNAMI ក្នុងកិច្ចសន្ទនាយ៉ាងទូលំទូលាយជាមួយឥស្សរជននយោបាយ តុលាការ និងសន្តិសុខសំខាន់ៗ ត្រូវបានអ្នកគាំទ្រសរសើរចំពោះតួនាទីនេះ ក្នុងការទប់ស្កាត់ជម្លោះ ប៉ុន្តែត្រូវបានរិះគន់ដោយអ្នកផ្សេងទៀតថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ាក់។

លោក Al-Sudani បានជូនដំណឹង ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោ​ក Antonio Guterres ថា ប្រទេសអ៊ីរ៉ាក់បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងតំបន់ដែលគ្របដណ្តប់ដោយអាណត្តិ នៃបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ (UNAMI) ។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ ២០២៣ មក ប្រទេសអ៊ីរ៉ាក់បានផ្លាស់ប្តូរ ដើម្បីបញ្ចប់បេសកកម្មអន្តរជាតិជាច្រើន រួមទាំងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹង ISIS និងបេសកកម្មទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងឧក្រិដ្ឋកម្មរបស់ក្រុមនេះផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...