រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិនៅភូមិកោះពាមរាំង ខេត្តព្រៃវែង ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ

Posted By: RoogRog Robot | 10-May-2024 21:14:12

2024-05-10 08:10pm

(ព្រៃវែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយមានការអមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រតិភូក្រសួង ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង លោកអភិបាលស្រុកពាមជរ អាជ្ញាធរឃុំ ភូមិ។

បន្ទាប់ពីបានពិនិត្យស្ថានភាពប្រកបមុខរបរ និងការដាំដុះរបស់ប្រជាពលរដ្ឋរួចមក លោក ឆាយ ឫទ្ធិសែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១១៨នាក់ និងបានប្រគេនបច្ច័យកសាងប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តនវទីបនារាម ហៅវត្តកោះពាមរាំងផងដែ។

លោករដ្ឋមន្ដ្រីបានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រីបានបន្ដជម្រាបជូនអំពីកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងទី៤.ការពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

នារសៀលថ្ងៃដដែល លោក ឆាយ ឬទ្ធិសែន បន្ដដំណើរទៅពិនិត្យស្ថានភាពស្រះសហគមន៍ និងផ្លូវជនបទចំនួន២ខ្សែ ដូចខាងក្រោម៖

* ស្រះសហគមន៍មួយកន្លែងស្ថិតនៅក្នុងឃុំបឹងដោល ស្រុកព្រះស្ដេច ដែលមានទំហំ ៥០ម៉ែត្រគុណ៥០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ និងមានចាក់បេតុងបាត ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន សម្រាប់បម្រុងទឹកទុកជូនប្រជាជនបរិភោគ និងប្រើប្រាស់។ ដោយស្ថានភាពមានភាពលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល លោកស្រីមេឃុំបឹងដោល បានស្នើសុំ ឯកឧត្តមរដ្ឋមន្ដ្រី ស្ថាបនាផ្លូវ ១ខ្សែ ឆ្លងកាត់ឃុំបឹងដោល ប្រវែង ៨ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច។ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សិក្សាដើម្បីស្ថាបនាផ្លូវនេះក្នុងឆ្នាំ២០២៥ ខាងមុខ ។

* ខ្សែផ្លូវទី១ ជាផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៨ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមសងខាង១ម៉ែត្រ តភ្ជាប់ពីភូមិស្វាយចារ ឃុំអង្គររាជ ស្រុកព្រះស្ដេច ទៅដល់ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ខ្សែផ្លូវនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដោយសម្រេចវឌ្ឍនភាពបាន ១០%។

* ខ្សែផ្លូវទី២ ជាផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង១៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាង ១ម៉ែត្រ តភ្ជាប់ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ទៅភូមិក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះស្ដេច ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣ ដែលបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅក្នុងខែកញ្ញ ឆ្នាំ២០២២។

ក្នុងឱកាសពិនិត្យមើលផ្លូវខ្សែទី១ ដែលកំពុងស្ថាបនា លោក ឆាយ ឫទ្ធិសែន បានណែនាំដល់អ្នកម៉ៅការដែលប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសាងសង់តាមលក្ខណៈបច្ចេកទេស និងទាន់ពេលវេលាតាមកិច្ចសន្យា ដើម្បីធានាគុណភាពផ្លូវ និងសំណង់សិល្បការ្យមានគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...