ដំរីញី១ក្បាលដែលជាប់ផុងនៅដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី បានស្លាប់នៅព្រឹកថ្ងៃទី១០ ខែឧសភា

Posted By: RoogRog Robot | 10-May-2024 12:21:16

2024-05-10 12:17pm

(មណ្ឌលគិរី)៖ បើតាមការរាយការណ៍ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដំរីព្រៃញី១ក្បាលដែលជាប់ផុងនៅអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នោះ បានស្លាប់នៅម៉ោង៥៖៣៨នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោយក្រុមការងារព្យាយាមជួយសង្គ្រោះសុខភាពបានរយៈពេល១០ថ្ងៃ តែនៅតែជួយមិនបាន។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់។ ក្រោយមក ការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បានជួយសង្គ្រោះសត្វដំរីព្រៃញី១ក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់ និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេល៣ថ្ងៃនៅកន្លែងកើតហេតុ។ ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញី១ក្បាលនេះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី។

ដោយសុខភាពសត្វដំរីព្រៃញី១ក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏បានស្លាប់បាត់បង់ជីវិតនៅម៉ោង៥៖៣៨នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ នៅវេលាម៉ោង២រសៀលនេះ ក្រុមការងារនឹងរៀបចំជីករណ្តៅកប់នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការ WWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះអស់លទ្ធភាពហើយ។

លោកបន្តថា សត្វដំរីនោះទំនងជាប់ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះឃើញ ដូច្នេះលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ដំរីព្រៃ១ក្បាលនេះ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...