គណៈមេធាវីកម្ពុជា និងសមាគមមេធាវីវៀតណាម ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេរភាគី

Posted By: RoogRog Robot | 10-May-2024 12:52:57

2024-05-10 11:19am

(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា និងសមាគមមេធាវីវៀតណាម បានជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេរភាគី តាមរយៈការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាលទៅវិញទៅមក ការរៀបចំសិក្ខាសាលារួមគ្នា និងកម្មវិធីទស្សនកិច្ចសិក្សា។

ការប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេរភាគីនេះ បានធ្វើឡើង ក្នុងឱកាសដែល លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំគណៈមេធាវី និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមមេធាវីវៀតណាម (Viet Nam Lawyers’ Association) និងសមាគមច្បាប់អាស៊ានវៀតណាម (ALA Viet Nam) ដែលដឹកនាំដោយ លោកបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង នារសៀលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការគណៈមេធាវីកម្ពុជា។

ក្រោយពីមានមតិស្វាគមន៍គណៈប្រតិភូវៀតណាម លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនភ្ញៀវកិត្តិយសដោយសង្ខេបអំពីសវតា និងបេសកកម្មជាសារវន្តរបស់ស្ថាប័នគណៈមេធាវី តួនាទីស្នូលរបស់មេធាវីក្នុងវិស័យយុត្តិធម៌ និងការចូលរួមរបស់គណៈមេធាវីក្នុងកិច្ចការកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយនោះផងដែរ លោកប្រធានក៏បានលើកឡើងពីប្រវត្តិ និងសកម្មភាពនានារបស់គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយសកម្មភាពរបស់សមាគមច្បាប់អាស៊ានរបស់បណ្តាលប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេរភាគីរបស់ស្ថាប័នទាំងពីរគឺ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមមេធាវីវៀតណាម លោកប្រធានបានលើកឡើងពីលទ្ធភាពនៃការពង្រីកទំនាក់ទំនងរវាងស្ថាប័នទាំំងពីរតាមរយៈការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាលទៅវិញទៅមក ការរៀបចំសិក្ខាសាលារួមគ្នា និងកម្មវិធីទស្សនកិច្ចសិក្សានានាដើម្បីស្វែងយល់ពីក្របខណ្ឌនៃការពង្រឹងការអនុវត្តច្បាប់ និងចែករំលែកបទពិសោធន៍ល្អរវាងគ្នាជាដើម។

លោកបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះបដិសណ្ឋាកិច្ចដ៏កក់ក្តៅនេះ និងបានជម្រាបជូនដោយសង្ខេបជាអាទិ៍ថា សមាគមមេធាវីវៀតណាមត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៥ ដែលបច្ចុប្បន្នមានសមាជិកប្រមាណជាង ៨០,០០០ នាក់ដែលមានសមាសភាពជាមេធាវី ចៅក្រម រដ្ឋអាជ្ញា និងសាស្ត្រាចារ្យច្បាប់ជាដើម ហើយមានរចនាសម្ព័ន្ធតាំងពីថ្នាក់កណ្តាលដល់មូលដ្ឋានដោយមានតំណាងនៅគ្រប់ខេត្ត ស្រុក ខណ្ឌនៃអាជ្ញាធរដែនដីវៀតណាម។ បន្ថែមពីនេះលោកបណ្ឌិតមានអំណរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យច្បាប់និងនីតិរដ្ឋ និងគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងស្ថាប័នទាំងពីរឱ្យកាន់តែជិតស្និទ្ធតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាជាដើម។ លោកប្រធានសមាគមមេធាវីវៀតណាមក៏បានគោរពអញ្ជើញប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនៈកិច្ចការងារនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខ។ ជាចុងក្រោយលោកបណ្ឌិតក៏បានឆ្លើយតបជាវិជ្ជមាននិងបញ្ជាក់អំពីការបញ្ជូនកីឡាករវាយសីក្នុងចំណោមមេធាវីវៀតណាម ដើម្បីចូលរួមការប្រកួតវាយសីលក្ខណៈមិត្តភាពអន្តរជាតិនៅកម្ពុជាដែលគ្រោងនឹងរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅត្រីមាសទី៣ ឆ្នាំ២០២៤ខាងមុខនេះ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...