ទីផ្សារការងារនៅខេត្តកំពង់ស្ពឺមានតម្រូវការបុគ្គលិកជំនាញច្រើន ដែលជាឱកាសសម្រាប់យុវជនចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ

Posted By: RoogRog Robot | 10-May-2024 12:52:58

2024-05-10 11:49am

(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺជាខេត្តមួយសម្បូរទៅដោយរោងចក្រ សហគ្រាសយ៉ាងច្រើន ដែលកំពុងត្រូវការបុគ្គលិកជំនាញឱ្យចូលបម្រើការងារ ហើយនេះក៏ជាឱកាសដ៏សំខាន់បំផុតសម្រាប់យុវជនមកពីគ្រួសារក្រីក្រចុះឈ្មោះចូលរៀនជាមួយ <<កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់>>។ នេះបើតាមលោក កែម ជាក់នី នាយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១០ស្ថាប័នទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកនាយក កែម ជាក់នី បានធ្វើបទបង្ហាញជាច្រើនជូនដល់អ្នកសារព័ត៌មាន និងប្រតិភូក្រសួងការងារដឹកនាំដោយលោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ។

លោកនាយក កែម ជាក់នី បានឱ្យដឹងថា ខេត្តកំពង់ស្ពឺជាខេត្តគោលដៅឧស្សាហកម្មឈានមុខមួយនៅប្រទេសកម្ពុជា ដែលមានរោងចក្រ សហគ្រាសជាច្រើន។ ខេត្តកំពង់ស្ពឺស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ច២សំខាន់ៗ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ​ដូច្នេះការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅទីនេះ គឺមានភាពប្រទាក់ក្រឡា និងផ្ដល់ផលចំណេញច្រើនដល់សិស្សនិងម្ចាស់សហគ្រាស។

ពាក់ព័ន្ធនឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ លោកនាយកបានបញ្ជាក់ថា នៅជំហានទី១ តាមផែនការរបស់វិទ្យាស្ថានលោក គឺជ្រើសរើសសិស្សតែ៣៩០នាក់ តែជាក់ស្ដែងមានសិស្សចុះឈ្មោះចូលរៀនមានរហូតដល់៤៤៨នាក់ (លើសផែនការ១៤ភាគរយ)។ អំឡុងពេលកំពុងបណ្ដុះបណ្ដាលសិស្សនៅជំហានទី១នោះដែរ គឺមានម្ចាស់ក្រុមហ៊ុន សហគ្រាសជាង៤០០​ស្ម័គ្រចិត្តទទួលកម្មសិក្សាការីពីវិទ្យាស្ថាន ប៉ុន្តែនៅជំហានទី១នោះ វិទ្យាស្ថានបានបញ្ជូនកម្មសិក្សាការីចុះអនុវត្តបានតែ១៧ក្រុមហ៊ុន/សហគ្រាសប៉ុណ្ណោះ ដោយនៅខ្វះជាង៣០០ក្រុមហ៊ុន/សហគ្រាសទៀត។

លោកនាយកបញ្ជាក់ថា <<ខេត្តកំពង់ស្ពឺនៅមានសក្ដានុពលខ្ពស់ក្នុងការស្រូបទាញបុគ្គលិកជំនាញបច្ចេកទេស គឺធំសម្បើមណាស់ ដែលជាឱកាសរបស់យុវជនក្នុងខេត្តមកទទួលការបណ្ដុះបណ្ដាល ដើម្បីចូលទៅបំពេញនៅតាមទីផ្សារការងារទាំងនោះ>>។

លោក កែម ជាក់នី បានបន្តថា ដោយសារយុវជនមកពីគ្រួសារក្រីក្រក្នុងខេត្តកំពង់ស្ពឺនៅមានច្រើនទៀត ដូច្នេះនៅជំហានទី២ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនឹងជ្រើសរើសសិស្សឱ្យបាន៥៧០នាក់ ដើម្បីឱ្យយុវជនទាំងនោះបានមកទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា។

ចំពោះមុខជំនាញបណ្ដុះបណ្ដាលសម្រាប់ជំហានទី២ រួមមាន៖១. ការងារកំបោរ២. ដំឡើងបណ្ដាញបំពង់ទឹក៣. ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ៤. ដំឡើងពុម្ភ៥. ដំឡើងកាំមេរ៉ា៦. ផ្សាអគ្គិសនី៧. ថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត៨. ថែទាំនិងជួសជុលរថយន្ត៩. ថែទាំនិងជួសជុលអគ្គិសនីរថយន្ត១០. សេវាកម្មធនធានមនុស្ស១១. សេវាកម្មកុះព្យូទ័រ១២. សេវាកម្មអតិថិជន១៣. រចនាក្រាហ្វិកដោយកុំព្យូទ័រ១៤. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន១៥. ធុរកិច្ចភេសជ្ជៈ១៦. សេវាកម្មម្ហូបអាហារខ្មែរ១៧. ដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត១៨. ចិញ្ចឹមនិងថែទាំត្រីប្រា១៩. កែច្នៃបន្លែនិងផ្លែឈើ

លោកនាយកវិទ្យាស្ថានក៏បានប្ដេជ្ញាចូលរួមសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ ព្រមទាំងអនុវត្តតាមអភិក្រមរបស់សម្ដេចធិបតី <<រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការធ្វើ>>។

គួរជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដើមឡើយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ លុះដល់ឆ្នាំ២០២៣ ក៏បានប្រែក្លាយមកជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលជាសេនាធិការឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះមានទីតាំងស្ថិតនៅភូមិទំពុង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈបច្ចុប្បន្នសិស្សដែលកំពុងទទួលការបណ្ដុះបណ្ដាលពីវិទ្យាស្ថានទាំងវគ្គរយៈពេលខ្លី វគ្គរយៈពេលវែង គឺមានខចំនួនសរុប៧៩៣នាក់ (ស្រី១៨១នាក់)៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...