សម្តេចតេជោ ហ៊ុន សែន ចាត់ឱ្យ លោក សេង ទៀង ដឹកនាំរៀបចំពិធីបូជាសព លោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងរបស់សម្តេច

Posted By: RoogRog Robot | 10-May-2024 04:36:11

2024-05-10 11:33am

(ភ្នំពេញ)៖ លោក សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំរៀបចំ ពិធីបូជាសពលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ របស់សម្តេចតេជោ។

លោកស្រី ឈឹម ប៉ែននីឡា បានទទួលមរណភាពនៅវេលាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយរោគាពាធ។ សពរបស់លោកស្រី ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី។

នៅក្នុងពិធីដ៏ក្រៀមក្រំនេះ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងបងប្អូនសាច់ញាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមរំលឹកថា ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសពកាលពីថ្ងៃម្សិលមិញ, សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ម្តាយជាទីគោរពស្រឡាញ់។ ក្នុងសារចូលរួមរំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពលោកស្រី ឈឹម ប៉ែននីឡា គឺជាការបាត់បង់ភរិយា មាតា ក្មេក យាយ និងយាយទួតដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គំរូមួយរូប ដែលក្នុងឆាកជីវិតរបស់លោកស្រី បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែងស្វាមី ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងខិតខំចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

លោកស្រី ឈឹម ប៉ែននីឡា បានប្រសូត្រនៅ ថ្ងៃចន្ទ ២ រោច ខែពិសាខ ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ ២៤៩២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៤៨។ លោកស្រីមានបងប្អូនសរុប៨នាក់។ លោកស្រីជាកូនស្រីទី៥ ឪពុកជានាយកសាលានៅទីរួមខេត្តកំពង់ចាម។ កាលពីគាត់អាយុប្រហែល៣ រឺ៤ឆ្នាំ ឪពុកគាត់ត្រូវបានទទួលមរណៈភាព ដោយសារពួកខ្មែរឥស្សរៈបានបាញ់សម្លាប់។ ពេលគាត់អាយុ១៦ឆ្នាំ គាត់បានឡើងមករៀននៅភ្នំពេញ នៅសាលានរោត្តមថ្នាក់មធ្យមសិក្សា។ ពេលគាត់អញ្ជើញមកភ្នំពេញបានមករស់នៅជាមួយបងស្រី ប៉ែន រ៉ានី ដែលជាបងស្រីទី២។ គាត់បានរៀបការនៅឆ្នាំ១៩៧១ ដោយចំណងអាពាហ៍ពិពាហ៍នេះ គាត់បានប្រសូត្របុត្រស្រី១រូប ឈ្មោះ ឈួន ផល្លីកា ហៅស្រីមិច នៅស្រុកប៉ោយចារ ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧៥ គាត់ និងកូនស្រី ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តបាត់ដំបង។ ម្ដាយរបស់លោកស្រីឈឹម ប៉ែននីឡា ត្រូវបានស្លាប់ក្នុងរបបប៉ុលពត ដោយសាររោគាពាធ។នៅឆ្នាំ១៩៧៩ ពេលរួចពីរបបប៉ុលពត លោកស្រីបានទៅរស់នៅខេត្តសៀមរាប និងបានប្រសូត្របុត្រប្រុសទី២។

នៅឆ្នាំណា១៩៧៩ រឺ១៩៨០ លោកស្រីបានទៅធ្វើការជាកុងតាបឱ្យស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងសូហ្វីយ៉ា (Sofia) ប្រទេសប៊ុលហ្ការី (Bulgaria)។ ក្នុងកំឡុងពេលបំពេញការងារនៅទីនោះគាត់បានជួបស្វាមី គឺលោក ឈួន សុធី ដែលជាប្រធាននិស្សិតសិក្សានៅទីនោះផងដែរ។គាត់បានរៀបការជាមួយគ្នាពេញច្បាប់តាមប្រពៃណី នាប្រទេសប៊ុលហ្ការីនាកំឡុងពេលនោះ។

ចប់អាណត្តិការងារ និងការសិក្សាលោកទាំងពីរ បានត្រលប់មកមាតុប្រទេសវិញជាមួយគ្នា និងកសាងជីវិតរួមរស់នៅប្រទេសខ្មែរជាមួយកូនស្រី កូនប្រុស។ លោកស្រីបានអប់រំប្រៀនប្រដៅកូនប្រុសស្រីឱ្យដើរតាមគន្លង និងមានគូស្រករ ប្រសូត្របានចៅស្រី ដ៏ស្រស់ស្អាតមួយរូបផងដែរ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...