បទវិភាគ៖ ប្រឈមមុខនឹងរយៈពេល៦០ឆ្នាំបន្ទាប់ទៀត ទំនាក់ទំនងរវាងចិននិងបារាំងមុខជានឹងពោរពេញ ទៅដោយភាពរស់រវើក និងភាពរុងរឿងថ្កុំថ្កើងជាក់ជាមិនខាន

Posted By: RoogRog Robot | 09-May-2024 17:30:31

2024-05-09 04:27pm

(ប៉េកាំង)៖ ប្រមុខរដ្ឋចិននិងបារាំង បានផ្តល់ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិកដល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍ រួមចំនួន៤ច្បាប់ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួន ជិត២០ច្បាប់ក្នុងវិស័យអភិវឌ្ឍន៍បៃតងអាកាសចរណ៍ ចំណីអាហារផ្នែកកសិកម្ម ធុរកិច្ចនិងផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។ល។

ថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចពិភាក្សា ជាមួយលោក Macron ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាមួយចំនួន។ លោក Macron បានលើកឡើងថា ពិភពលោកនាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹង ការសាកល្បងសំខាន់ៗ ហើយប្រទេសបារាំងនិងសហភាពអឺរ៉ុប កាន់តែត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនជាងពេលណាៗទាំងអស់ រឿងនេះវាជាប់ពាក់ព័ន្ធនឹងអនាគតរបស់អឺរ៉ុប។

ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានជ្រើសរើស ប្រទេសបារាំងជាប្រទេសដំបូងគេ ក្នុងដំណើរទស្សនកិច្ចនៅឆ្នាំនេះ ដែលអាចបង្ហាញថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងចិននិងបារាំង។ ប្រទេសបារាំងគឺជាមហាអំណាច លោកខាងលិចដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការជាមួយប្រទេសចិនថ្មី មជ្ឈមណ្ឌលវប្បធម៌ដំបូងគេដែលចិន បានបង្កើតឡើងនៅ ប្រទេសលោកខាងលិច គឺមានទីតាំង នៅទីក្រុងប៉ារីស។ល។ រយៈពេល៦០ឆ្នាំកន្លងមក ការប្រាស្រ័យទាក់ទងរវាងចិននិងបារាំង បានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសដែលមានប្រព័ន្ធរបបសង្គមខុសៗគ្នា អាចរួមរស់នៅជាមួយគ្នាដោយសន្តិភាព ក៏ដូចជាអាចធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះទាំងស្រុង។

តើយើងនឹងគ្រោងផែនការអំពី កិច្ចសហប្រតិបត្តិការរវាងចិន និងបារាំងក្នុងរយៈពេល៦០ឆ្នាំ បន្ទាប់ទៀតយ៉ាងដូចម្ត៉េច? បើមើលពី វិស័យនយោបាយ ចិននិងបារាំងគ្មានទំនាស់ផ្នែកភូមិសាស្ត្រនយោបាយទេ ហើយក៏គ្មានការប៉ះទង្គិចផ្នែកផលប្រយោជន៍ជាសារវន្តដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានរំលឹកឡើងវិញថា នឹងគោរពផលប្រយោជន៍ស្នូលគ្នាទៅវិញទៅមក ហើយធ្វើ ការប្រាស្រ័យទាក់ទង និងធ្វើកិច្ចសម្របសម្រួលគោលជំហរ និងគោលនយោបាយឱ្យទាន់ពេលវេលា។នេះបានបញ្ចេញសញ្ញាវិជ្ជមាន ដែលការកសាងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពី រមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនចលករនៃទំនាក់ទំនងរវាងចិន និងបារាំង។ ភាគីទាំងពីរមិនត្រឹមតែ មានកិច្ចសហប្រតិបត្តិការ "ពីកសិដ្ឋានបារាំងដល់តុអាហារចិន" ប៉ុណ្ណោះទេ ថែមទាំងក៏មានកិច្ចសហប្រតិបត្តិការផ្នែកគម្រោងខ្នាតធំ ដូចជាស្ថានីយអគ្គិសនីដើរដោយ ថាមពលនុយក្លេអ៊ែរ ឈូងសមុទ្រ Daya និងខ្សែដំឡើងយន្តហោះ A320 នៃក្រុមហ៊ុន Airbusនៅទីក្រុងធានជីនផងដែរ។ ពេលបច្ចុប្បន្ននេះ នៅខាងក្រៅសហភាពអឺរ៉ុប ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយ របស់ប្រទេសបារាំង ហើយប្រទេសបារាំងគឺជា ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន នៅក្នុងសហភាពអឺរ៉ុប។ មានសហគ្រាសបារាំង ចំនួនជាង ២ពាន់បាននិងកំពុងប្រកបអាជីវកម្មយ៉ាងស៊ីជម្រៅ នៅទីផ្សារចិន។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិនរីករាយនាំចូលផលិតផល ដ៏មានគុណភាពល្អ របស់បារាំងឱ្យកាន់តែច្រើន ហើយសង្ឃឹមថា ប្រទេសបារាំងនឹងនាំចេញផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងតម្លៃបន្ថែមខ្ពស់ឱ្យកាន់តែច្រើន ទៅកាន់ប្រទេសចិន។ ភាគីចិនសន្យាថា នឹងពង្រីកការបើកចំហ និងស្វាគមន៍សហគ្រាសបារាំង កាន់តែច្រើនមកវិនិយោគនៅប្រទេសចិន ក៏ដូចជាចូលរួមក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិន។ លោក Macron ប្រធានាធិបតីបារាំង បានលើកឡើងថា នឹងមិនដាក់ចេញគោលនយោបាយ ដែលមានលក្ខណៈរើសអើងចំពោះសហគ្រាសចិនទេ ហើយស្វាគមន៍សហគ្រាសចិន ដែលបូករួមទាំងសហគ្រាសបច្ចេកវិទ្យាខ្ពស់កាន់តែច្រើន ទៅវិនិយោគទុននិងធ្វើកិច្ចសហប្រតិបត្តិការ នៅប្រទេសបារាំង។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបារាំងលើកនេះ ភាគីចិនបានលើកឡើងថានឹងគាំទ្រប្រទេសបារាំង ក្នុងការរៀបចំឱ្យបានល្អ នូវការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បន្តរៀបចំឱ្យបានល្អនូវសកម្មភាពផ្សេងៗ នៃឆ្នាំវប្បធម៌និងទេសចរណ៍ចិន-បារាំង ជំរុញការងាររួមគ្នាអភិរក្ស និងជួសជុលបុរាណវត្ថុ ពន្យារពេលគោលនយោបាយលើកលែងទិដ្ឋការ ក្នុងរយៈពេលខ្លីនៃប្រជាពលរដ្ឋ នៃប្រទេសចំនួន១២ ដែលបូករួមទាំងប្រទេសបារាំងផង រហូតដល់ចុងឆ្នាំ២០២៥ និងជំរុញចំនួននិស្សិតបារាំងដែលមកបន្តការសិក្សា នៅប្រទេសចិនឱ្យលើសពី១ម៉ឺននាក់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ល។ វិធានការទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិននិងបារាំង ក៏ដូចជានិងរឹតចំណងមេត្រីភាពរវាងចិន និងបារាំងបន្ថែមទៀត។

ប្រឈមមុខនឹង៦០ឆ្នាំបន្ទាប់ទៀត ប្រទេសចិននឹងបន្តវេនបុព្វហេតុជំនាន់មុន និងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត។ នេះនឹងមិនត្រឹមតែ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...