វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រសួងការបរទេសកម្ពុជា ចាប់ដៃគ្នាពង្រឹងកិច្ចការស្រាវជ្រាវ និងវិភាគភូមិសាស្ត្រនយោបាយ

Posted By: RoogRog Robot | 08-May-2024 16:27:14

2024-05-08 03:21pm

(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រសួងការបរទេសកម្ពុជា បានធ្វើការរួមគ្នា​ពង្រឹងកិច្ចការស្រាវជ្រាវ និងវិភាគភូមិសាស្ត្រនយោបាយ ដែលជាកិច្ចការដ៏មាន​សារ​សំខាន់ និងមិនអាចខ្វះបាននៅក្នុងប្រទេសនីមួយៗ។

ដើម្បីឈានទៅចាប់ផ្តើមលើការងារនេះ កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍នៃក្រក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ តំណាងដោយលោកបណ្ឌិត ណី សំអុល ប្រធានក្រុម បានចុះហត្ថ​លេ​ខាលើអនុស្សរណៈ​នៃការយោគយល់គ្នាមួយ ស្តីពី <<ការស្រាវជ្រាវ និងការវិភាគភូមិ​សាស្ត្រនយោបាយ>>។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក NORITADA Morita ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានកិច្ចសន្ទនា​តុមូល​ស្តីពី <<បច្ចុប្បន្នភាពភូមិសាស្ត្រនយោបាយអាស៊ាន ២០២៤-២០២៥>> ដែល​មានការចូលរួមពិភាក្សាពីអ្នកជំនាញជាន់ខ្ពស់ និងមានអ្នកចូលរួមសិក្សា​ប្រមាណ ៣០នាក់។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងងពីរបានសម្តែង​នូវ​ទំនុកចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបម្រើឱ្យគោលបំណងរួម និង​រួមចំណែកក្នុងការបង្កើតការវិភាគស៊ីជម្រៅលើបញ្ហា និងកិច្ចការតំបន់ និងអន្តរជាតិ​នានា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរនឹងប្រមូលផ្តុំ​អ្នក​ជំនាញ អ្នកស្រាវជ្រាវដ៏ប៉ិនប្រសប់ និងអ្នកប្រាជ្ញវ័យក្មេង ដើម្បីផ្តល់ជាអនុសាសន៍ គោល​នយោបាយ ព្រមទាំងបង្កើតការវិភាគគ្រប់ជ្រុងជ្រោយក្នុងនិន្នាការ​ភូមិសាស្រ្តនយោ​បាយ និងភូមិសាស្ត្រសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។

កិច្ចសហការ និងភាពជាដៃគូរវាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ (AVI-IRAG) គ្របដណ្តប់លើផ្នែកជាច្រើននៃការវិភាគស្រាវជ្រាវលើ​ប្រធាន​បទដូចជា ភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយ​សង្គម បរិស្ថាន និងការវិភាគនយោបាយក្នុងប្រទេសជាសមាជិកអាស៊ាន អនុតំបន់ មេគង្គ និងអាស៊ី-ប៉ាស៊ីហ្វិក។

កិច្ចសហប្រតិបត្តិការ AVI-IRAG ដើរតួជាគំរូដែលមានគុណភាពខ្ពស់នៃកិច្ច​សហ​ប្រតិ​បត្តិការផ្នែកស្ថាប័នស្រាវជ្រាវ ក្នុងការស្រាវជ្រាវភូមិសាស្ត្រនយោបាយ ភូមិ​សាស្ត្រ​យុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ច និងជាការឆ្លើយតបទៅនឹងភាពតានតឹង​ដែល​កំពុងបន្តកើនឡើងក្នុងចំណោមមហាអំណាចធំៗ និងកណ្តាល។ ជាការពិត ការ​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បង្កើតបានជាស្ថាប័ន​ភាវូបនីយ​កម្មនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលិតអត្ថបទស្រាវជ្រាវតាមតម្រូវការ ដែលផ្តោតលើភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច ភូមិសាស្ត្រសន្តិសុខ បរិស្ថាន ឌីជីថលភាវូបនីយកម្ម និងប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍ផ្សេងទៀតទាំងក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរ បានសម្តែងនូវទស្សនវិស័យវិជ្ជមាន និងការប្តេជ្ញាចិត្តខ្លាំងក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការស្រាវជ្រាវ និងការវិភាគសំខាន់ៗ ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការរយៈពេលវែង៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...