ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅស៊ែប៊ី ក្នុងថ្ងៃខួបនៃការទម្លាក់គ្រាប់បែករបស់ NATO ចំស្ថានទូតចិន

Posted By: RoogRog Robot | 08-May-2024 10:04:18

2024-05-08 08:59am

(បែលក្រាដ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសស៊ែប៊ីហើយ កាលពីល្ងាចថ្ងៃអង្គារ ទី៧ ខែឧសភា (ម៉ោងក្នុងតំបន់) សម្រាប់ ការបំពេញទស្សនកិច្ចដែលធ្វើឡើងចំឱកាសនៃការរំលឹកខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែករបស់អង្គការ NATO លើស្ថានទូតចិនប្រចាំទីក្រុងបែលក្រា ក្នុងឆ្នាំ១៩៩៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យន្ដហោះរបស់លោក ស៊ី ជីនពីង ត្រូវបានអមដំណើរដោយយន្ដហោះចម្បាំង MIG-29 របស់ប្រទេសស៊ែប៊ី ហើយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងមន្ត្រីរដ្ឋាភិបាលរបស់លោកក៏បានទៅទទួលស្វាគមន៍លោកប្រធានាធិបតីចិន នៅឯអាកាសយានដ្ឋានក្នុងទីក្រុងបែលក្រាដផងដែរ ខណៈមេដឹកនាំទាំង២ត្រូវបាន រំពឹងថានឹងបើកកិច្ចពិភាក្សានៅថ្ងៃពុធសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចនៅទីក្រុងបែលក្រាដ គឺជាការឈប់សំចតទី២របស់លោក ស៊ី ជីនពីង ក្រោមក្របខណ្ឌនៃបំពេញ ទស្សនកិច្ចក្នុងតំបន់អឺរ៉ុបជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំមកនេះ។

មុនធ្វើដំណើរទៅដល់ប្រទេសស៊ែប៊ី លោក ស៊ី ជីនពីងក៏បានបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉ារីសផងដែរ ហើយក្រោយទស្សនកិច្ចនៅទីក្រុងបែលក្រាដ លោកនឹងត្រូវបន្ត ធ្វើដំណើរទស្សនកិច្ចចុងក្រោយទៅកាន់ប្រទេសហុងគ្រី។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក្នុងប្រទេសស៊ែប៊ី ធ្វើឡើងចំឱកាសនៃការរំលឹកខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែករបស់អង្គការ NATO លើស្ថានទូតចិនប្រចាំទីក្រុងបែលក្រាដ ដែលបានផ្ដាច់ជីវិតអ្នកកាសែតចិន៣នាក់ និងធ្វើឱ្យជនជាតិចិន ២០នាក់រងរបួស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩។ ប្រធានាធិបតីអាមេរិកនៅពេលនោះគឺលោក Bill Clinton បានសូមទោស និងអះអាងថាការទម្លាក់គ្រាប់បែកនោះកើតឡើងដោយអចេតនា អំឡុងសង្រ្គាមកូសូវ៉ូ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...