ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ១៣គ្រួសារ នៅឃុំតាគ្រាម ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

Posted By: RoogRog Robot | 07-May-2024 23:31:56

2024-05-07 10:28pm

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៣គ្រួសារ ដែលរងគ្រោះកាលពីល្ងាចថ្ងៃទី៦ ខែឧសភា នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ថ្លែងក្នុងបរិយាសដ៏ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋលោក ស្រេង សុខា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជំរាបជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា លោក និងសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដូច្នេះតាមរយៈ ក្នុងអង្គពិធីថ្ងៃនេះ លោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិនរស់នៅមានអនាម័យល្អ និងប្រុងប្រយត្ន័ការពារសុខភាពអំឡុងពេលធាតុក្តៅ។

ចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

លោកប្រធានអនុសាខាស្រុក បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាព ក្នុងការធ្វើដំណើរលើដងផ្លូវចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនជាច្រើនបានរងគ្រោះធ្លាក់ខ្លួន ពិការដោយសារសង្គ្រាម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ១កេស និងត្រីខ ១០កំប៉ុង,សំពត់តង១ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...