ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកដៃអ្នកវិនិយោគកម្ពុជា ទៅស្វះស្វែងរកការវិនិយោគពីជប៉ុន

Posted By: RoogRog Robot | 07-May-2024 22:52:06

2024-05-07 09:50pm

(តូក្យូ, ជប៉ុន)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយអ្នកវិនិយោគរបស់​កម្ពុជា​ជាច្រើនរូប បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិយោគរបស់កម្ពុជា នឹងទស្សនកិច្ច​នៅ​​ប្រទេសជប៉ុនរយៈពេលប្រមាណជា៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា។ ទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី និងអ្នកវិនិយោគរបស់កម្ពុជា នៅក្នុងប្រទេស​ជ​ប៉ុន​នាពេលនេះ គឺជាកិច្ចប្រឹងប្រែងមួយទៀតក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុន ឱ្យចូលមកវិនិយោគនៅកម្ពុជា។

ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិ​យោគ​របស់កម្ពុជា អមដំណើរដោយលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេស​ជប៉ុន បានចូលជួបលោក Kunihiko Hirabayashi អគ្គលេខាធិការ AJC, លោក Hosaka Shin អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ និងលោក Imamura Mas​a​hiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។

ក្នុងជំនួបដាច់ដោយឡែកពីគ្នាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងស្វះស្វែងរកកិច្ច​សហ​ប្រតិ​បត្តិការនានា ដើម្បីជំរុញការធ្វើធុរកិច្ចរវាងកម្ពុជា និងជប៉ុន។

ក្នុងជំនួបដ៏មានសារសំខាន់ទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​សមភាគីជប៉ុន ដែលតែងតែផ្តល់ការគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរៀប​ចំ​គម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនមកកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីជប៉ុនអំពីបច្ចុប្បន្នភាពនៃបរិយាកាស​វិនិយោគ​នៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការ​ដាក់​ទុន​វិនិយោគ​លើគ្រប់វិស័យ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋា​ភិបាល​ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែង​ឆ្ងាយរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តរក្សាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រផ្សេងៗ សំដៅប្រែក្លាយកម្ពុជា​ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងជំនួបខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ឆ្លៀតបង្ហាញ និងពន្យល់អំពីលក្ខ​ខណ្ឌ​ច្បាប់ ការសិក្សាបច្ចេកទេស ព្រមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន​នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងតភ្ជាប់ផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ៕


































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...