គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ៤១គ្រួសារ នៅស្រុកកំពង់ត្របែក ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

Posted By: RoogRog Robot | 07-May-2024 21:31:22

2024-05-07 08:25pm

(ព្រៃវែង)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៣គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ២៨គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកកំពង់ត្របែក នៅឃុំគោខ្ចក និងឃុំប្រាសាទ ស្មើនឹង ៦ភូមិ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤៖៣០នាទីល្ងាច។

ថ្លែងនាឱកាសនោះលោក សួន សុម៉ាលីន បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

លោកប្រធានគណៈកម្មាធិការសាខាខេត្ត បានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ។ ( ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា)។ ឯកឧត្តមប្រធាន ក៍បានផ្សព្វផ្សាយបន្ថែមអំពីការចូលរួមអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ <<រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>>។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សរុបអ្នកចូលរួមចំនួន ៧៨នាក់ ស្រី ៥២នាក់។

សូមជម្រាបជូនថា សម្ភារៈផ្តល់ជូនរួមមាន៖ រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក)៖ អង្ករ ២៥គ.ក កន្ទេល ១ តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល រងគ្រោះមធ្យម (ប្រភេទ ខ) ៖អង្ករ ២៥គីឡូក្រាមកន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...