ទិវាពលកម្មអន្តរជាតិ! សកម្មភាពយុទ្ធនាការ «មើលថែកម្មករ ថែទាំអ្នកសាងសង់» របស់ក្រុមហ៊ុន ឆាយណា រ៉េលវេ អឺបេន ខនស្រ្តាក់សិន គ្រុប

Posted By: RoogRog Robot | 07-May-2024 14:56:54

2024-05-07 01:51pm

(ភ្នំពេញ)៖ ក្នុងឱកាសទិវាពលកម្មអន្តរជាតិកាលពីពេលថ្មីៗនេះ ក្រុមការងារគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ក្នុងក្រុងព្រះសីហនុ Peninsula Integrated Resort សាងសង់ដោយក្រុមហ៊ុន ឆាយណា រ៉េលវេ អឺបេន ខនស្រ្តាក់សិន គ្រុប (China Railway Urban Construction Group) រួមជាមួយសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ និងមន្ទីរពេទ្យកាកបាទក្រហម បានរួមគ្នារៀបចំកម្មវិធីសកម្មភាពសប្បុរសធម៌ <<ជំនោរត្រជាក់១ឧសភា>> ដើម្បីទៅសួរសុខទុក្ខកម្មករសំណង់ចិននិងខ្មែរជាង២០០នាក់ ដែលកំពុងធ្វើការនៅជួរមុខ។

ក្នុងឱកាសនោះ លោក លាំង ឈីងលាំង (Liang Qingliang) ប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ បានសម្តែងនូវការគោរពយ៉ាងស្មោះស្ម័គ្របំផុតចំពោះកម្មករចិន និងខ្មែរដែលបានខិតខំធ្វើការ ហើយសង្ឃឹមថាយុទ្ធនាការនេះអាចជួយជំរុញមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាឱ្យកាន់តែស្អិតល្មួតទ្វេឡើង។

បន្ទាប់មក លោកប្រធានមន្ទីរពេទ្យកាកបាទក្រហមបានពន្យល់ដល់កម្មករទាំងអស់នូវចំណេះដឹងផ្នែកវេជ្ជសាស្ត្រស្តីពីការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកម្ដៅនារដូវប្រាំង ព្រមទាំងបានណែនាំគ្រប់គ្នាកុំឱ្យផឹកទឹកត្រជាក់ប្រញាប់ប្រញាល់ខ្លាំងផងដែរ។ លើសពីនេះ លោកក៏បានពន្យល់លម្អិតអំពីវិធានការឆ្លើយតបបន្ទាន់ចំពោះជំងឺគ្រុនក្តៅភ្លាមៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងការការពារជំងឺគ្រុនក្តៅរបស់ពួកគេក្រោមអាកាសធាតុក្តៅបែបនេះ។

ក្រុមការងារគម្រោងបានចែកអំណោយបង្ការជំងឺគ្រុនក្តៅ ដូចជា តែត្រជាក់ ឪឡឹក និងថ្នាំសង្កូវផ្សេងៗទៅដល់កម្មករទាំងអស់ ហើយក្នុងពេលកំពុងចែកអំណោយជូនពួកគេ ក្រុមការងារក៏បានក្រើនរំលឹកពួកគេឱ្យយកចិត្តទុកដាក់លើការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកម្ដៅនៅកន្លែងធ្វើការ ចាត់វិធានការការពារ និងប្រគល់ជូនខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកម្ដៅទៅដល់ដៃកម្មករផ្ទាល់។ កម្មករទាំងអស់ទទួលយកអំណោយដោយស្នាមញញឹម និងទឹកមុខដ៏សប្បាយរីករាយ។

ក្រោយពីបញ្ចប់យុទ្ធនាការនេះ ប្រធានគ្រប់គ្រងគម្រោង លោក ហ្វាង ជាន (Fang Jian) បានលើកឡើងថា <<តាមរយៈសកម្មភាពយុទ្ធនាការជំនោរត្រជាក់នេះ យើងមានអារម្មណ៍ថាទទួលបានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន និងមន្ទីរពេទ្យកាកបាទក្រហមនៅខេត្តព្រះសីហនុ>>។

លោក ហ្វាង បានបន្តថា សកម្មភាពយុទ្ធនាការ <<ជំនោរត្រជាក់>> នេះមិនត្រឹមតែជាការចែកជូនអំណោយប៉ុណ្ណោះទេ តែក៏ជាការពាំនាំនូវការយកចិត្តទុកដាក់ទៅដល់កម្មករទាំងអស់ផងដែរ ដែលនេះជាការលើកទឹកចិត្តដល់កម្មករនៅក្នុងការសាងសង់ជាបន្តបន្ទាប់នៃគម្រោងនេះ ដោយពួកគេនឹងឈរលើបុព្វហេតុតែមួយ ហើយខិតខំដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការសាងសង់ក្រុងព្រះសីហនុ។

ជាក់ស្ដែង ប្រទេសកម្ពុជានាពេលនេះបានចូលដល់រដូវក្តៅហើយ ក្រុមការងារគម្រោងបានកែសម្រួលម៉ោងធ្វើការឱ្យទាន់ពេលវេលាតាមគោលការណ៍ <<ចូលធ្វើការពេលព្រឹក សម្រាកពេលថ្ងៃត្រង់ និងចេញពីធ្វើការពេលល្ងាច>> ដោយធានានូវវឌ្ឍនភាពនៃការសាងសង់ និងជៀសវាងការធ្វើការក្នុងអំឡុងពេលដែលមានសីតុណ្ហភាពខ្ពស់។ ក្នុងពេលជាមួយគ្នានេះ គណៈគ្រប់គ្រងកម្មករក៏បានពង្រឹងការអប់រំសុវត្ថិភាព និងការផ្សព្វផ្សាយស្តីពីការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុកម្ដៅទៅដល់បុគ្គលិកការងារនិងកម្មករទាំងអស់ ដើម្បីធានាសុវត្ថិភាពការសាងសង់គម្រោង និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលិកនិងកម្មករទាំងអស់ផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...