មន្ទីរបញ្ចកោណ មើលមិនឃើញពីភាពមិនប្រក្រតីអ្វីឡើយ ក្រោយរុស្ស៉ីប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ

Posted By: RoogRog Robot | 07-May-2024 11:42:53

2024-05-07 10:36am

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃចន្ទ ទី៦ ខែឧសភានេះ (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) បាននិយាយថាមើលមិនឃើញពីការប្រែប្រួល ឬភាពមិនប្រក្រតីណាមួយ នៃគោលជំហររបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីនោះទេ បើទោះជាទីក្រុងវ៉ាស៊ីនតោនរិះគន់នូវអ្វីដែលខ្លួនហៅថាជា <<វោហាសាស្ត្រគ្មានការទទួលខុសត្រូវ>> បន្ទាប់ពីទីក្រុងមូស្គូប្រកាសពីការធ្វើសមយុទ្ធហាត់សមប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រុស្ស៉ី កាលពីថ្ងៃចន្ទនោះដែរ បានប្រកាសថាខ្លួននឹងដឹកនាំការធ្វើសមយុទ្ធយោធាមួយ ក្រោមការបទបញ្ជារបស់លោកប្រធានាធិបតី ពូទីន ដែលនឹងរួមបញ្ចូលទាំង ការហាត់សមដាក់ពង្រាយ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក ក្រោយវិមានក្រឹមឡាំងព្រមានពីការគំរាមកំហែងបង្កឡើងដោយបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្ដី អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បាននិយាយាថាខាងមន្ទីរបញ្ចកោណមើលមិនឃើញពីការផ្លាស់ប្ដូរណាមួយនៃគោលជំហររបស់ កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៉ីនោះទេ ហើយថាមន្ទីរបញ្ចកោណនឹងបន្តតាមដានស្ថានការណ៍។ ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថាសមយុទ្ធយោធាខាងលើ មានគោលបំណងធានាការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់រុស្ស៉ី។ ក្រសួងការបរទេសរុស្ស៉ីវិញ ក៏បានសង្កត់ដែរថាសមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងបណ្ដា មេដឹកនាំលោកខាងលិចមួយចំនួនដែលទីក្រុងមូស្គូចោទប្រកាន់ថាកំពុងជំរុញឱ្យមានការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់រវាងរុស្ស៉ី និងបក្សសម្ព័ន្ធយោធា NATO។

គួរបញ្ជាក់ថា រុស្ស៉ី និងសហរដ្ឋអាមេរិកគឺជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោក ដោយមហាអំណាចទាំង២នេះកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរជាង ១០ ៦០០គ្រាប់ នៃក្បាលគ្រាប់នុយក្លេអ៊ែរសរុបរបស់ពិភពលោក ១២ ១០០គ្រាប់។ រុស្ស៉ីត្រូវបានគេរាយការណ៍ថាមានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក ១៥៦០គ្រាប់៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...