ក្រុមប្រដាប់អាវុធជនជាតិភាគតិច អះអាងពីការចាប់ខ្លួនយោធាមីយ៉ាន់ម៉ារាប់រយនាក់ និងការកាន់កាប់បានបញ្ជាការប្រតិបត្តិយោធាមួយក្នុងរដ្ឋរ៉ាឃីន

Posted By: RoogRog Robot | 06-May-2024 22:01:32

2024-05-06 09:00pm

(រ៉ង់ហ្គូន)៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានដណ្តើមកាន់កាប់បានមជ្ឈមណ្ឌលបញ្ជាការយោធាមួយ និងបានចាប់ខ្លួនបុគ្គលិកយោធារាប់រយនាក់ នៅភាគខាងលិចរដ្ឋរ៉ាឃីន ដែលជាការវាយប្រហារមួយផ្សេងទៀត លើអាជ្ញាធរយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែឧសភា​ ឆ្នាំ២០២៤។

ភាពតានតឹងបានកើនឡើងនៅក្នុងរដ្ឋរ៉ាឃីន ចាប់តាំងពីក្រុមប្រដាប់អាវុធអារ៉ាកាន (AA) បានបើកការវាយប្រហារលើកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកា ដោយបញ្ចប់បទឈប់បាញ់ ដែលមានចាប់តាំងពីរដ្ឋប្រហាររបស់របបយោធាក្នុងឆ្នាំ២០២១។

ទោះបីជាយោធាមីយ៉ាន់ម៉ា នៅបន្តរក្សាការគ្រប់គ្រងទីក្រុង Sittwe ដែលជារដ្ឋធានីរបស់រដ្ឋមួយនេះក៏ដោយ ក៏ក្រុមយុទ្ធជនអារ៉ាកាន (AA) បានគ្រប់គ្រងនៅក្នុងតំបន់ជុំវិញ រួមទាំងមូលដ្ឋាននៅជិតព្រំដែន ជាមួយប្រទេសឥណ្ឌា និងបង់ក្លាដែសផងដែរ។

វីដេអូមួយដែលត្រូវបានចេញផ្សាយ ដោយបណ្តាញផ្សព្វផ្សាយរបស់ កងកម្លាំងអារ៉ាកាន (AA) បានបង្ហាញថា ក្រុមនេះបានចូលទៅកាន់កាប់បញ្ជាការប្រតិបត្តិការយោធាមួយនៅក្បែរទីក្រុង Buthidaung ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Sittwe និងបានចាប់ខ្លួនយោធាប្រមាណ ២០០នាក់។

គួរជម្រាបថា កងកម្លាំងអារ៉ាកាន (AA) គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ ក្នុងចំនោមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើននៅក្នុងតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ា ដែលចូលរួមក្នុងជម្លោះអូសបន្លាយជាមួយយោធាលើបញ្ហាស្វ័យភាព និងការគ្រប់គ្រងធនធានយុទ្ធសាស្ត្រចាប់តាំងពីប្រទេសនេះ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨ ។ ក្រុមនេះអះអាងថានឹងតស៊ូមតិដើម្បីស្វ័យភាពកាន់តែច្រើនសម្រាប់ជនជាតិភាគតិចក្នុងរដ្ឋរ៉ាឃីន។

ការប៉ះទង្គិចគ្នារវាងក្រុមអារ៉ាកាន (AA) និងក្រុមយោធាក្នុងឆ្នាំ ២០១៩ បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅប្រជាជនប្រមាណ ២០០,០០០ នៅក្នុងតំបន់។ រដ្ឋរ៉ាឃីនក៏ត្រូវបានបំផ្លាញដោយអំពើហឹង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ ជាមួយនឹងការបង្រ្កាបដោយយោធាក្នុងឆ្នាំ ២០១៧ បង្កឲ្យមានជនភៀសខ្លួនយ៉ាងច្រើន និងជំរុញឱ្យមានការថ្កោលទោសជាអន្តរជាតិ និងសំណុំរឿងប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។

ចាប់តាំងពីការផ្ទុះឡើងនៃអរិភាពក្នុងខែវិច្ឆិកា ការប្រយុទ្ធគ្នាបានបំផ្លេចបំផ្លាញទីប្រជុំជនចំនួន១៥ ក្នុងចំណោម ១៧ របស់រដ្ឋរ៉ាឃីន ដែលនាំឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងការជម្លៀសមនុស្សជាង ៣០០,០០០នាក់៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...