នគរបាលឃាត់ខ្លួន មុខសញ្ញាចោរប្លន់ និងអ្នកទទួលផលចោរកម្ម៥នាក់ ក្នុងចំណោមគ្នាសរុប៧នាក់ នៅក្នុងខណ្ឌកំបូល

Posted By: RoogRog Robot | 06-May-2024 16:02:50

2024-05-06 02:59pm

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាចោរប្លន់ម៉ូតូ និងអ្នកទទួលផលចោរកម្មចំនួន៥នាក់ ក្នុងចំណោមគ្នាសរុប៧នាក់ជាបន្តបន្ទាប់។ ក្រោយពីមានហេតុការណ៍ធាក់ប្លន់ម៉ូតូមួយករណី កើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២៖០០នាទីយប់ នៅចំណុចមុខមេព្រៃ ផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៧នាក់នោះ រួមមាន៖

១៖ ឈ្មោះ ដួង វិចិត្រ ហៅ ចិន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន 24-04-24)( អ្នកទទួលផល)។ ២៖ ឈ្មោះ លួត វាសនា ហៅ ខួច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកស្នាក់នៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន 24-04-24) (គ្មានសារធាតុញៀន) ( អ្នកទទួលផល)។ ៣៖ ឈ្មោះ នុត សុធុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន24-04-24) (គ្មានសារធាតុញៀន) ( អ្នកទទួលផល)។

៤៖ ឈ្មោះ ភូន ចំណូល ហៅណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន 26-04-24) (គ្មានសារធាតុញៀន)(អ្នកធ្វើសកម្មភាព)។

៥៖ ឈ្មោះ សុន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសង្កែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន 26-04-24) (គ្មានសារធាតុញៀន) (អ្នកលើកយកម៉ូតូ)។

៦៖ ឈ្មោះ ជាតិ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ។ (គេចខ្លួន ជាអ្នកធាក់ម៉ូតូ) ៧៖ ឈ្មោះ នុត ភេទប្រុស អាយុប្រហែល២៣ឆ្នាំ។ (គេចខ្លួន អ្នកធ្វើសកម្មភាព)។

ចំណែកជនរងគ្រោះឈ្មោះ ឆាយ វ៉ាណ្ណា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KR- 3097 ។

នគរបាលខណ្ឌកំបូល បានប្រាប់ថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧៖៣០នាទីជនរងគ្រោះ បានជិះម៉ូតូត្រលប់មកពីលេងផ្ទះ លេងកូនស្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ លុះពេលទៅដល់ចំណុច មេព្រៃ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ស្រាប់តែមានជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី និងស្លាកលេខ មកអែបជិតបន្ទាប់មកបានធាក់កាងម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យដួល រួចលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។

បន្ទាប់មកជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក លុះមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ជនរងគ្រោះ បានឆែករកម៉ូតូតាមជីភីអេស បានឃើញលោតនៅម្ដុំភូមិប៉ប្រកជើង សង្កាត់កាកាបទី១។ ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ឲ្យចុះទៅឃាត់ជនសង្ស័យម្នាក់ឈ្មោះ ដួង វិចិត្រ និងម៉ូតូរបស់ជនរងគ្រោះនៅទីនោះដែរ រួចនាំទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកធ្វើការសាកសួរ។

នគរបាលប្រាប់បន្តទៀតថា ពេលសាកសួរជនសង្ស័យឈ្មោះ ដួងវិចិត្រ បានសារភាពថា <<ខ្លួនបានទទួលទិញម៉ូតូនោះពីឈ្មោះ ស្នា នៅចំណុចក្នុងវត្តពោធិ៍ចិនតុងក្នុងតម្លៃ ៧០០ដុល្លារអាមេរិកគត់>> បន្ទាប់មកសមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ លួត វាសនា ដែលកំពុងឈរនៅមុខផ្ទះ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ហើយបានយកទៅសួរនាំពេលនោះជនសង្ស័យលួត វាសនា នេះក៏សារភាពថា ខ្លួនបានជួយរកម៉ូយលក់ម៉ូតូឲ្យឈ្មោះ ធុន នៅចំណុចក្នុងវត្តពោធិ៍ចិនតុង ក្នុងតម្លៃ ៧០០ដុល្លារអាមេរិកគត់ ដោយបានកម្រៃ ៩០ដុល្លារអាមេរិកគត់ ០២នាក់ឈ្មោះ ធុន។ បន្ទាប់ពី បន្ទាប់មកកម្លាំងបានឈានទៅឃាត់ខ្លួន ជនសង្ស័យឈ្មោះ នុត សុធុន ដែលកំពុងឈរនៅមុខរោងចក្រអេខ្លា ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល។

នគរបាលបានប្រាប់ទៀតថា ពេលសាកសួរជនសង្ស័យឈ្មោះ ធុន បានសារភាពថា ខ្លួនបានទាក់ទងលក់ម៉ូតូឲ្យឈ្មោះ ណូ ក្នុងតម្លៃ ៧០០ដុល្លារអាមេរិកគត់ ដោយខ្លួនបានកម្រៃ ៩០ដុល្លារ ០២នាក់ឈ្មោះ ស្នា។ បន្ទាប់មកកម្លាំងបានឈានទៅឃាត់ខ្លួនបក្ខពួកសេសសល់ ចំនួន ០១នាក់ទៀត ឈ្មោះ ភូន ចំណូល ហៅ ណូ ដែលកំពុងឈរនៅលើចិញ្ចើមផ្លូវ ក្នុងបុរីស ភូមិអណ្ដូង សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ពេលសាកសួរជនសង្ស័យឈ្មោះ ភូន ចំណូល បានឆ្លើយសារភាពថា <<ខ្លួន និងបក្ខពួកឈ្មោះ សុន បញ្ញា, ឈ្មោះ ជាតិ និងឈ្មោះ នុត ពិតជា បានធ្វើសកម្មភាពធាក់យកម៉ូតូ ចំនួន១គ្រឿង ខាងលើមែន។

នគរបាលបានឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភូន ចំណូល សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្ខពួកសេសសល់បាន០១នាក់ទៀតឈ្មោះ សុន បញ្ញា ហៅ ញ៉ា ដែលកំពុងឈរនៅមុខផ្ទះ ភូមិសង្កែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ បន្ទាប់មកបាននាំយកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចំណែកជនសង្ស័យឈ្មោះ ជាតិ និងជនសង្ស័យឈ្មោះ នុត បានរត់គេចខ្លួនបាត់៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...